(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឱ្យគណៈប្រតិភូមន្ទីរពេទ្យ ជំនាញបេះដូង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយពីបានបំពេញបេសកកម្មពិនិត្យសុខភាពជូនកុមារកម្ពុជា។

ក្រុមគ្រូពេទ្យមន្ទីរពេទ្យខាងលើ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ម៉ាលីន ឃុន ប្រធានមន្ទីរពេទ្យជំនាញបេះដូងខេត្ត យូណាន បានបំពេញបេសកកម្មនៅប្រទេសកម្ពុជា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិនិត្យសុខភាពជូនកុមារកម្ពុជា ជាពិសេសស្វែងរកកុមារដែលមានជម្ងឺបេះដូងចំហរពីកំណើត។

លោកវេជ្ជបណ្ឌិត បានលើកឡើងថា បេសកកម្មនេះស្ថិតនៅក្រោមគម្រោងផ្តល់ក្តីស្រឡាញ់ដល់កុមារកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន។ គោលដៅនៃបេសកកម្មរបស់ក្រុមគ្រូពេទ្យនេះគឺផ្តល់ការពិនិត្យព្យាបាល វះកាត់កុមារមានជម្ងឺបេះដូងចំហរពីកំណើត និងផ្តល់ការបណ្តុះបណ្តាលដល់គ្រូពេទ្យកម្ពុជា។ ជាលទ្ធផល ក្នុងឆ្នាំ២០១៩ ក្រុមគ្រូពេទ្យបានស្វែងរកឃើញកុមារចំនួន ១៦ រូប ដែលមានជម្ងឺបេះដូងចំហរ និងផ្តល់ការឧបត្ថម្ភសម្រាប់ការវះកាត់ និងពិនិត្យព្យាបាលនៅខេត្តយូណាន ។ កាលពីឆ្នាំ២០១៨ មានកុមារចំនួន៣១រូប បានទទួលការវះកាត់ជោគជ័យត្រឡប់មកកម្ពុជាវិញ ក្រោមការឧបត្ថម្ភពីក្រុមគ្រូពេទ្យនេះដូចគ្នា។

លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យ ដែលបានផ្តល់នូវការពិនិត្យព្យាបាល និងវះកាត់ជម្ងឺបេះដូងចំហរ ដោយឥតគិតថ្លៃដល់ប្រជាជន ជាពិសេសកុមារកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអត្រាការស្លាប់ដោយជម្ងឺបេះដូងចំហរ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ កុមារដែលទទួលបានការវះកាត់ នឹងក្លាយជាអ្នកនាំសារមកកាន់កម្ពុជា ដែលបង្ហាញពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងមហាមិត្តចិន។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យក្រុមគ្រូពេទ្យបន្តផ្តល់ការគាំទ្រ និងការវះកាត់ព្យាបាល ជម្ងឺបេះដូងចំហរ និងផ្តល់ការបណ្តុះបណ្តាលគ្រូពេទ្យជំនាញឯកទេសបេះដូង ដើម្បីជួយសម្រាលបន្ទុករាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានជម្ងឺបេះដូង ត្រូវការព្យាបាលជាចាំបាច់៕