(ភ្នំពេញ)៖ ទីតាំងបើកល្បែងជល់មាន់ និងបាញ់អាប៉ោងធំមួយកន្លែង នៅចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលឆ្មក់ចូលបង្ក្រាបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយឃាត់ខ្លូនទីប្រឹក្សាក្រសួងមហាផ្ទៃម្នាក់, អ្នកកាសែត និងមនុស្សផ្សេងទៀត សរុប៩នាក់។

អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចដីឡូតិ៍ព្រៃស្មៅ (ទុកចោល) ក៏ប្រទះឃើញជនសង្ស័យជាច្រើននាក់ កំពុងលេងល្បែងស៊ីសងខុសច្បាប់ ឃើញដូចនោះសមត្ថកិច្ចបានចូលទៅឡោមព័ទ្ធ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់។

លោកអធិការខណ្ឌបានបញ្ជាក់ទៀតថា ​មនុស្សទាំង៩នាក់ដែលឃាត់ខ្លួននោះរួមមាន ទី១៖ឈ្មោះ ទិត វិចិត្រ អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី២៖ឈ្មោះ ឡុង តារ៉ា អាយុ៣៧ឆ្នាំ មុខរបរជាងកញ្ចក់, ទី៣៖ឈ្មោះ គឹម ង៉ែតសុពល អាយុ៦២ឆ្នាំ មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ, ទី៤៖ឈ្មោះ ហូ ផល អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី៥៖ឈ្មោះ សឿន សុង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី, ទី៦៖ឈ្មោះ មោក យ៉េន អាយុ៣៦ឆ្នាំ អ្នកកាសែតពិភពថ្មីព័ត៌មាន, ទី៧៖ឈ្មោះ ឈួន រ៉ាឈូ អាយុ៥៣ឆ្នាំ អ្នកកាសែតវីរៈសែនជ័យ, ទី៨៖ឈ្មោះ គ្រង រដ្ឋា អាយុ៤៨ឆ្នាំ អ្នកកាសែតសង្រ្គោះប្រជាពលរដ្ឋខ្មែរស្នេហាជាតិ និងទី៩៖ឈ្មោះ គឹម សាវិត អាយុ២៩ឆ្នាំ អ្នកកាសែតអំណាចខ្មែរ។

ក្នុងសមត្ថកិច្ចជំនាញដកហូតបាន សត្វមាន់ឈ្មោល (មាន់ជល់) ចំនួន០៣ក្បាល, ចានសម្រាប់លេងអាប៉ោងចំនួន០១, កំរាលសម្រាប់ចាក់អាប៉ោង ចំនួន០១ផ្ទាំង, ជញ្ជីងថ្លឹងចំនួន០១, កៅអីជ័រចំនួន០៩, នាមប័ណ្ណមួយចំនួន, ខ្នាយដែកចំនួន០២ដើម, ទូរស័ព្ទដៃចាស់ចំនួន១១គ្រឿង, លុយខ្មែរចំនួន៨៧០,០០០រៀល និង ម៉ូតូចំនួន០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕