(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងជំរុញឱ្យក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ដែលទទួលបានសិទ្ធិក្នុងជួសជុលសាងសង់ កែលម្អផ្លូវជាតិលេខ២ ចាប់ផ្ដើមពីរង្វង់មូលតាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដល់រង្វង់មូលអូរចំបក់ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារអង្គតាសោម ត្រូវធ្វើយ៉ាងណាឱ្យបានរឹងមាំ ជាប់បានយូរ មិនមែនធ្វើជាប់រហូតមិនឈប់នោះទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុន Harship Engineering and Construction Co., Ltd ដើម្បីផ្តល់សិទ្ធឱ្យក្រុមមួយនេះធ្វើការជួលជុលកែលម្អផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដែលមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ មានទំហំទឹកប្រាក់សរុបចំនួន ៤៥,៧៥០,០០០ដុល្លារសហរដ្ឋអាមេរិក ដោយមិនទាន់គិតថវិកាបម្រុង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា «ខ្ញុំបានឱ្យក្រុមហ៊ុនកាត់អាវឱ្យខ្ញុំ (ជួសជុលកែលម្អផ្លូវ) ក្នុងតម្លៃរហូតជាង៤៥លានដុល្លារ ប៉ុន្តែខ្ញុំមិនទាន់បានពាក់មួយឆ្នាំផង រហែកនេះរហែកនោះ ខ្ញុំមិនចង់បានអញ្ចឹងនោះទេ ខ្ញុំចង់បានអាចពាក់បាន៩ ទៅ១០ ឆ្នាំហើយ មិនមានស្នាមប៉ះនោះទេទើបវាល្អ ហើយដូចគ្នានេះដែរ ខ្ញុំសុំឱ្យក្រុមហ៊ុនធ្វើផ្លូវនេះឱ្យបានជាប់ យ៉ាងតិច៩ឆ្នាំ ប៉ុន្តែ៩ឆ្នាំនេះ ទាល់តែយើងគោរពច្បាប់ចររាចរណ៍ផង គោរពច្បាប់ដឹកទំនិញផង កុំគេឱ្យដឹក៣០តោន ដឹករហូតដល់៥០តោន ៦០តោន ចង់ធ្វើផ្លូវយ៉ាងមិចក៏មិនជាប់ដែរ មិនបានយូរទេ តែយ៉ាងណាចូលរួមទាំងអស់គ្នា ដើម្បីឱ្យអាវថ្មីនេះ បានពាក់យូរទាំងអស់គ្នា ផ្លូវបានធ្វើដំណើរទាំងអស់គ្នា»

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រៅពីណែនាំក្រុមហ៊ុនឱ្យធ្វើផ្លូវឱ្យបានរឹងមាំ ហើយមួយទៀតនោះ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីដែលជាភ្នែកច្រមុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ត្រូវតែប្រឹងប្រែងធ្វើការ តាមដានរហូត តាំងពីចាប់ផ្តើមដំណើរការរហូតប្រគល់ជូនរដ្ឋាភិបាល។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ គឺជាគម្រោងក្រោមឥណទានសម្បទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់សរុប ៥៦,១០០,០០០ ដុល្លារសហរដ្ឋអាមេរិក។

គម្រោងនេះឆ្លងកាត់រាជធានី/ខេត្ត ចំនួនបីក្នុងនោះមាន ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដែលមានប្រវែងផ្លូវសរុប ៧២,១៧ គីឡូម៉ែត្រ។ គម្រោងខាងលើធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ ការស្ថាបនាគ្រោងនឹងប្រើរយៈពេល ៣០ខែ ។

គម្រោងនេះបែងចែកជាបីកំណាត់ផ្លូវធំៗ មានដូចជា៖

កំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តីបីកួរស្រូវ ដែលមានប្រវែង ៨.៧៤គីឡូម៉ែត្រ ពង្រីកពី ២ គន្លងទៅ ៤គន្លង ដែលនៅតំបន់ទីប្រជុំជន ប្រវែង ៤.៣៣២ គីឡូម៉ែត្រ មានទទឹងផ្លូវ ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០.៥ម៉ែត្រ ។ កំណាត់ផ្លូវនេះក្រាលបេតុងកៅស៊ូ AC ដែលមានកម្រាស់ ១២សង់ទីម៉ែត្រ។

កំណាត់ទី២៖ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣.៨១៩ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះមាន២គន្លង និងទទឹង១៣ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ដែលមានកម្រាស់១០សង់ទីម៉ែត្រ។

កំណាត់ទី៣៖ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩.៦១១ គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប ១៣ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ដែលមានកម្រាស់ ១០សង់ទីម៉ែត្រ៕