(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ រួមជាមួយសប្បុរសជនមកពីប្រទេសកូរ៉េ និងប្រទេសជប៉ុន ក៏ដូចជាអាជ្ញាធរស្រុកសង្គមថ្មី និងមន្ត្រីសុខាភិបាលជាច្រើនរូប បានអញ្ជើញប្រគល់សម្ភារបរិក្ខាពេទ្យជាច្រើនប្រភេទ ដល់មណ្ឌលសុខភាពចំរើនទុកសម្រាប់ប្រើប្រាស់។

លោកស្រី ចឹក ហេង បានឲ្យដឹងថា​ សម្ភារបរិក្ខាពេទ្យដែលត្រូវប្រគល់ជូនមណ្ឌលសុខភាពចំរើន ស្រុកសង្គមថ្មីនៅពេលនេះ រួមមាន៖ ម៉ាស៊ីនអេកូពណ៍ ម៉ូទរ័តាមដានសញ្ញាជីវិត ម៉ាស៊ីនវាស់ចង្វាក់បេះដូង ម៉ាស៊ីនអុកស៊ីសែន ម៉ាស៊ីនបឺតស្លេស ដែលគិតជាទឹកប្រាស់អស់ ៤២៤០០ដុល្លារ។ ជាមួយគ្នានោះ សប្បុរសជនកូរ៉េ និងជប៉ុនក៏បានជួយឧបត្ថម្ភអណ្តូងស្នប់ចំនួន ៣កន្លែងទៀត។

នៅក្នុងឱកាសនោះលោកស្រី ចឹក ហេង ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ តំណាងឲ្យប្រជាពលរដ្ឋស្រុកសង្គមថ្មីទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនកូរ៉េ និងជប៉ុន ដែលជានិច្ចជាកាលបានលះបង់ថវិកាផ្ទាល់ខ្លួន ជួយកសាងសាលារៀន អណ្តូងទឹក និងឧបត្ថម្ភរបស់របរផ្សេងៗទៀត ក្នុងន័យជួយលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋស្រុកសង្គមថ្មីឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកស្រី ចឹក ហេង បានផ្តាំផ្ញើដល់មន្ត្រីសុខាភិបាល នៃមណ្ឌលសុខភាពចំរើន ពេលទទួលបានបរិក្ខាពេទ្យទាំងនេះហើយ សូមប្រើប្រាស់ឲ្យចំគោលដៅ ប្រើប្រាស់ឲ្យមានភាពស្មើគ្នាទៅលើអ្នកជំងឺដោយគ្មានការរើសអើង និងត្រូវថែរក្សាបរិក្ខាទាំងនេះឲ្យបានល្អ។

ជាមួយគ្នានោះ លោកស្រីអភិបាលរងខេត្ត ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវសំអាតអនាមយ័ បរិស្ថានជុំវិញផ្ទះដោយលុបបំបាត់របស់របរដែលនាំឲ្យដក់ទឹក កើតមុសខ្លា កើតជំងឺគ្រុនឈាម និងគ្រុនចាញ់ជាដើម៕