(ព្រះសីហនុ)៖ លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត ដែលបានចូលរួមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារ នៅខេត្តព្រះសីហនុ បានសម្ដែងការសោកស្ដាយ និងសុំទោសសាធារណជន ពិសេសក្រុមគ្រួសាររបស់ជនរងគ្រោះ ចំពោះកាយវិការខុសឆ្គងមួយពេល ក្នុងការថតរូបញញឹម ជាមួយលោកឧត្តមសេនីយ៍ឯក នន្ទ សុខា នៅកន្លែងកើតហេតុ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក លូ គឹមឈុន បានទទួលស្គាល់ថា នេះពិតជារូបរបស់ លោកថតប្រាកដមែន ហើយពេលថតរូបនេះ ម៉ោងជាង៣ទាបភ្លឺថ្ងៃទី២៤ ខែមិថុនា។ ប៉ុន្ដែក្នុងរង្វង់ប្រតិបត្តិការនោះ ក៏បានជួបជាមួយមិត្តភ័ក្រ ហើយក៏ថតជាមួយគ្នាធម្មតា ស្រាប់តែកើតកំហុសឆ្គងដោយអចេតនាតែម្ដង។

ជាមួយគ្នានេះ លោក លូ គឹមឈុន ក៏បានបង្ហាញអារម្មណ៍ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

យ៉ាងណាមិញ ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះនេះ ក៏គេសង្កេតឃើញលោក លូ គឹមឈុន បានចាត់ឲ្យមន្ដ្រីរបស់លោក និងសម្ភារសង្គ្រោះមួយចំនួន ទៅចូលរួមសង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់នៅក្នុងគំនរបែកបាក់អគារ កម្ពស់៧ជាន់នេះផងដែរ។

គួរជម្រាបថា តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥០នាក់ ក្នុងនោះស្លាប់ចំនួន២៦នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕