(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ តែងតាំងលោក គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានភ្លាមៗនេះ បានឱ្យដឹងថា លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំងជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើតួនាទីនានា នាពេលបច្ចុប្បន្ន។

សេចក្តីសម្រេចនេះ ក៏បានបញ្ចប់តំណែង លោក ញឹម វណ្ណដា ពីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់៕