(ភ្នំពេញ)៖ លោក ហ៊ាង ប៊ុនអេង ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ នៅភូមិពាមតាឯក ភូមិព្រែកតាអុងទី១ និងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុងស្រុកល្វាឯម ខេត្តកណ្តាល ដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចោទថា សង់ទំនប់រលោភលើបឹងវាលសំណាប នៅស្រុកល្វាឯមនោះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ខ្លួនមានច្បាប់ត្រឹមត្រូវ ក្នុងការសាងសង់ទំនប់ព័ទ្ធជុំវិញដីកម្មសិទ្ធិស្របច្បាប់ នៅតំបន់នេះ។

ការចេញមកបញ្ជាក់របស់លោក ហ៊ាង ប៊ុនអេង បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញសង្គម Facebook មួយចំនួនបានផ្សាយចោទប្រកាន់ទៅលើរូបលោកថា បាន និងកំពុងសង់ទំនប់រំលោភលើបឹងវាលសំណាប នៅស្រុកល្វាឯម។

លោក ហ៊ាង ប៊ុនអេងបានបញ្ជាក់ថា ការសាងសង់ទំនប់នេះ គឺមានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្តត្រឹមត្រូវ ដោយដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះទេ។

បើតាមលិខិតអនុញ្ញាតរបស់ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ផ្ញើទៅកាន់ លោក ហ៊ាង ប៊ុនអេង ដែលជាម្ចាស់បុរីនេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានឱ្យដឹងថា រដ្ឋបាលខេត្តកណ្តាល បានទទួលលិខិតរួចហើយរបស់លោក ហ៊ាង ប៊ុនអេង ស្ដីពីសំណើសុំលើកទំនប់ព័ទ្ធជុំវិញដីកម្មសិទ្ធិ និងបោះបង្គោលកំណត់ព្រំដីមួយចំនួន មានការបាក់បែក ខ្លះកប់ក្នុងដី ខ្លះទៀតព្រៃដុះបាំងជិត ដែលធ្វើឲ្យមានការលំបាក ក្នុងការគ្រប់គ្រងការពារ លើទីតាំងដីដែលស្ថិតនៅភូមិពាមតាឯក ភូមិព្រែកតាអុងទី១ និងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុងស្រុកល្វាឯម ខេត្តកណ្តាល ក៏ដូចជា ដើម្បីបង្ការហានិភ័យ នាពេលខាងមុខ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ករណីនេះ រដ្ឋបាលខេត្ត យល់ឃើញថា៖

១៖ អនុញ្ញាតឲ្យធ្វើការប្រើគ្រឿងចក្រជីកព្រំ រៀបចំដី និងលើកទំនប់ព័ទ្ធជុំវិញដីកម្មសិទ្ធិស្របច្បាប់ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលមានលេខ ក.ណ 023132 លេខ ក.ណ 023133 និងលេខ ក.ណ 023134 ។ ក្រៅពីនោះ ដីពុំទាន់ចុះបញ្ជី អាចជីកលើកទំនប់បាន លុះត្រាតែមាន! ប័ណ្ណសម្គាល់សិទ្ធិជាមុនសិន ទើបធ្វើសកម្មភាពបាន ។

២៖ ពេលដំណើរការធ្វើសកម្មភាពជីកលើកទំនប់ព័ទ្ធជុំវិញដីខាងលើ ម្ចាស់កម្មសិទ្ធិដី ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ករណីមានការតវ៉ាពីភាគីណាមួយ ឬមានវិវាទ ត្រូវបញ្ឈប់សកម្មភាព និងដោះស្រាយជាមួយអ្នកពាក់ព័ន្ធ ជៀសវាងរាល់ទំនាស់កើតមានឡើងជាយថាហេតុ៕