(ត្បូងឃ្មុំ)៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏សែនរន្ធត់បានកើតឡើង ដោយសារឡានបែនដឹកថ្មដាច់ហ្វ្រាំង រេចង្កូតទៅបុកចូលផ្ទះពលរដ្ឋលក់អីវ៉ាន់ ឆក់យកជីវិតមនុស្ស២នាក់ និងរងរបួស៣នាក់ គួរឲ្យអាណោចអធមបំផុត រួមទាំងខូចខាតម៉ូតូ៥គ្រឿង និងសម្ភារមួយចំនួនទៀត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅក្បែរផ្សារខ្នារ តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនការងារសណ្តាប់ធ្នាប់ បានឲ្យភ្នាក់ងារ Fresh News ដឹងថា ហេតុការណ៍ថ្នាក់ខាងលើនេះ បង្កឡើងដោយអ្នកបើកបរឈ្មោះ ប្រុស លីណា អាយុ៣០ឆ្នាំ មានទីលំនៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ជនបង្កបានបើកឡានបែនពណ៌ស គ្មានផ្លាកលេខ (ទើបតែទិញ) ក្នុងទិសដៅពីលិចទៅកើត តាមដងផ្លូវជាតិលេខ៧ លុះមកដល់ចំនុចកើតហេតុខាងលើ ជនបង្ករបាជាន់ហ្វ្រាំង២ទៅ៣ជើង តែមិនស៉ីបណ្តាលឲ្យរេចង្កូតបុកឈប់ម៉ូតូអែបផ្លូវនៅទីនេះ រួចបន្តបុកចូលផ្ទះតែម្តង។

លោកស្នងការរង ឲ្យដឹងទៀតថា ចំណែកជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរនេះ បាត់បង់ជីវិត២នាក់នៅនឹងកន្លែង និង៣នាក់រងរបួស។ ជនរងគ្រោះ រួមមាន៖
ទី១៖ ឈ្មោះ ប្រេស សេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ(ស្លាប់), ទី២៖ ឈ្មោះ ឆន ប៊ូ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិស្រឡប់ ឃុំស្រឡ់ ស្រុកត្បូងឃ្មុំ(ស្លាប់), ទី៣៖ ឈ្មោះ ម៉ៅ ស្លេះ អាយុ២៧ឆ្នាំ, ទី៤៖ ឈ្មោះ ស្លេះ សាវីកា អាយុ២៣ឆ្នាំ, និងទី៥៖ ឈ្មោះ សុង ពិសេន អាយុ៣ឆ្នាំ។

លោក ឈឹម គឹមហុង ឲ្យដឹងទៀតថា ជនរងគ្រោះបាត់បង់ជីវិត ត្រូវបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ នៅក្រុងសួង។ ដោយឡែករថយន្ត និងជនបង្ក ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួន និងវាស់វែងដើម្បីដោះស្រាយបន្ត៕