(ភ្នំពេញ)៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៦ ដោយជោគជ័យ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ នាទីក្រុងហាណូយ។

លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៦ នៅសាធា រណរដ្ឋសង្គមនិយមវៀតណាម និងបានឡើងមានប្រសាសន៍ទទួលភារកិច្ចបន្តពីសភាប្រទេសវៀតណាម បន្ទាប់ពីកិច្ចប្រជុំបានអនុម័តគំាទ្រ ក្នុងការប្រគល់តួនាទីដ៏សំខាន់នេះជូនសភាកម្ពុជា។

បើតាមគម្រោង សភានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំប្រចំាលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ នៅពេលកម្ពុជាប្រកាសទទួលយកភារកិច្ចនេះជាផ្លូវការក្នុងកិច្ចប្រជុំលើកទី២៦នេះ សភាកម្ពុជាបានបញ្ចំាងវីដេអូឯកសារមួយស្តីពីការត្រៀមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិភូ នៃគ្រួសារ APPF ទំាងអស់ ក្នុងការអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

វីដេអូ ដែលមានការអញ្ជើញ និងស្វាគមន៍ពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដែលបានក្លាយជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ជូនដល់សមាជិក អ្នកសង្កេតការណ៍ និងដៃគូពាក់ព័ន្ធនានា នៃគ្រួសារ APPF បានរៀបចំដឹកនាំផលិតដោយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលមានខ្លឹមសារដូចខាងក្រោម៖