(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា ការបង់ពន្ធត្រូវឈរលើគោលការណ៍សមធម៌ គឺអ្នកធំបង់តាមធំ អ្នកតូចបង់តាមតូច និងអ្នកមិនជាប់ពន្ធ មិនត្រូវបង់នោះឡើយ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញបើកសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករ លើតម្លៃបន្ថែម តាមអនឡាញ ដែលរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក គង់ វិបុល បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០១៩-២០២៣ យើងបានរៀបចំនូវផែនការ យុទ្ធសាស្ដ្រកៀរគរចំណូលមួយចំនួន សម្រាប់រយៈពេលមធ្យម ២០១៩-២០២៣ គឺយើងយ៉ាងណាឲ្យមានចរីភាព នៃកំណើនចំណូល ហើយស៊ីគ្នាជាមួយនឹងចរីភាពនៃកំណើនសេដ្ឋកិច្ច»

លោក គង់ វិបុល បានបន្ថែមទៀតថា «ឧទាហរណ៍ថា សេដ្ឋកិច្ចយើងឡើង ចាប់៧ទៅដល់៨ភាគរយ អីចឹងចំណូលយើងក៏ត្រូវតែកើន ទៅតាមចរីភាពរបស់សេដ្ឋកិច្ចជាតិដែរ ហើយយើងធ្វើនេះ នៅក្នុងផែនការយុទ្ធសាស្ដ្រកៀរគរ ចំណូលរយៈពេលមធ្យម គឺធ្វើយ៉ាងណាការប្រកួតប្រជែង ឲ្យមានភាពស្មើគ្នា»

ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ រូបនេះ បានលើកឡើងថា «បើសិនជាអ្នកទាំងអស់គ្នា បង់ពន្ធស្មើគ្នា ប្រកួតប្រជែងដោយស្មើភាពគ្នា ខ្ញុំយល់ថា ជាការល្អសម្រាប់សេដ្ឋកិច្ច»

លោកបន្ដថា ដើម្បីឲ្យជួយអភិវឌ្ឍន៍សេដ្ឋកិច្ច អ្នកដែលមិនបង់ពន្ធ គួរតែកែលម្អខ្លួន មកបង់ពន្ធឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវតែមានសមធម៌សង្គមមិនមែនថា អ្នកជាប់ពន្ធ អ្នកធំ អ្នកមានខ្នង អត់បង់ពន្ធ ពេលមកដល់ពន្ធមធ្យម អ្នកតូច ចាប់គ្នាបង់ពន្ធនោះទេ ត្រូវធ្វើយ៉ាងណាឲ្យមានសមធម៌ នៃសង្គម។

លោក គង់ វិបុល បានបន្ថែមទៀតថា «គោលដៅរបស់យើង នៅក្នុងយុទ្ធសាស្ដ្រកៀរគរចំណូល រយៈពេលមធ្យម គឺក្នុងន័យបង់ពន្ធ...អ្នកធំ បង់តាមធំ អ្នកតូច បង់តាមតូច ហើយឲ្យមានសមធម៌ក្នុងសង្គម អ្នកដែលអត់ត្រូវជាប់ពន្ធ ក៏អត់ត្រូវបង់ដែល»

លោកថា ឧទាហរណ៍ កន្លងទៅមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានលើកឡើងថា ពន្ធដារមានការគៀបសង្កត់មិនមែនទេ សូមជម្រាបថា ការពង្រឹងនៅការអនុវត្ដច្បាប់ និងកាតព្វកិច្ច តាមមាត្រា១០១ នៃច្បាប់ពន្ធដារ រាល់សកម្មភាពសេដ្ឋកិច្ចទាំងអស់ ត្រូវតែមកចុះបញ្ជីពន្ធដារ ត្រង់ថាអ្នកនោះមានកាតព្វកិច្ចបង់ពន្ធ ឬមិនបង់ពន្ធ គឺច្បាប់ចែងនៅក្នុងមាត្រានេះ រួចរាល់ហើយ។

លោកបន្ដទៀតថា ឧទាហរណ៍អង្គការអន្ដជាតិ ត្រូវតែមកចុះបញ្ជីមកបង់ពន្ធ ប៉ុន្ដែបើសិនជា មានការលើកលែងណាមួយ ដោយអនុស្សារណៈណាមួយ ដែលក្រសួងការបរទេស ឬក៏រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យអង្គការនោះ លើកលែងពន្ធ អគ្គនាយកដ្ឋានពន្ធដារ ក៏មិនទៅយកពន្ធដែរ ប៉ុន្ដែមានកាតព្វកិច្ចមួយចំនួនទៀត ធ្វើពន្ធកាត់ទុក។

លោក គង់ វិបុល បានលើកឡើងទៀតថា ពន្ធកាត់ទុកលើប្រាប់បៀវត្សន៍របស់មន្ដ្រី ឬក៏ NGO ត្រូវតែមកបង់ពន្ធ អីចឹងបើអត់ចុះបញ្ជី តើអស់លោកទៅបង់ពន្ធនៅឯណា កន្លែងណា។ លោកបន្ដទៀតថា មកធ្វើអាជីវកម្ម មកធ្វើសកម្មភាពសេដ្ឋកិច្ច ប្រកបការងារនៅប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ការងារ។

លោកបានសង្កត់ធ្ងន់ថា «យើងខ្ញុំធ្វើការអនុវត្ដច្បាប់នេះ គឺមិនមែនធ្វើតែមុខសញ្ញា ឬក៏ NGO ណាដែលត្រូវធ្វើនោះទេ គឺធ្វើទូទៅ អីចឹងហើយសូមឲ្យយល់ទាំងអស់គ្នាថា ពន្ធដារ គឺមានមូលដ្ឋានច្បាស់លាស់ ក្នុងការអនុវត្ដច្បាប់»