(រតនគិរី)៖ បន្ទាប់ពីបានអញ្ជើញជាអធិបតី ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់ររដ្ឋបាលខេត្តស្ទឹងត្រែងរួចមក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញសួរសុខទុក្ខ សម្តែងការគួរសម ជាមួយលោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅភូមិគ្រឹះ លោកព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសនេះ សម្តេចក្រឡាហោមស ខេង បានសម្តែងនូវការនឹករលឹកចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាឥស្សរជនម្នាក់ដែលមួយជីវិត លោកព្រឹទ្ធាចារ្យបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិរាប់មិនអស់។ ជាពិសេសលោកព្រឹទ្ធាចារ្យ បានបង្កើតទីក្រុងបានលុង តាំងពីគ្មានអ្វីសោះ ក្រោយថ្ងៃ៧មករា១៩៧៩ រហូតធ្វើឲ្យខេត្តភាគឥសាន្តមួយនេះ មានការរីកចម្រើនមិនចាញ់ ខេត្តនានានៅទូទាំងប្រទេសឡើយ។

សម្តេចក្រឡាហោម បានជូនពរលោកព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគារព្យាធិទាំងឡាយទាំងពួង ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តី ចម្រើនតរៀងទៅ។

ជាកិច្ចឆ្លើយតប លោកព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានឆ្លៀតឱកាស ដ៏មមាញឹកអញ្ជើញមកសួរសុខទុក្ខ លោកដល់គេហដ្ឋានដែលនេះ សរបញ្ជាក់ឲ្យឃើញពីទឹកចិត្ត គោរពស្រលាញ់គ្នាទៅវិញទៅមក។ លោកព្រឹទ្ធាចារ្យជូនពរសម្តេច ក្រឡាហោម សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច៕