(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា លោកចង់ឃើញវិស័យពន្ធដារនៅកម្ពុជា មានប្រជាជនពេញចិត្ត ដូចពន្ធដារប្រទេសស៊ុយអ៊ែតដែរ ដោយលោកបានសម្លឹងឃើញពីអត្ថប្រយោជន៍ច្រើន នៃការបង់ពន្ធរបស់ប្រជាជនទាំងអស់ ដើម្បីឲ្យកម្ពុជាកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។

ការលើកឡើងរបស់លោក គង់ វិបុល យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញបើកសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងប្រព័ន្ធគ្រប់គ្រងការបង្វិលសងអាករ លើតម្លៃបន្ថែម តាមអនឡាញ ដែលរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកបានបញ្ជាក់ទៀតថា លោកចង់ឃើញអាជីករទាំងអស់មានស្នាមញញឹម និងមានការចំណេញ ហើយក៏សូមឲ្យមានការបង់ពន្ធដោយសេចក្ដីថ្លៃថ្នូរ ពីព្រោះលោកមិនចង់ទៅផាកពិន័យអាជីករណាមួយឡើយ គឺចង់ឲ្យអាជីករទាំងអស់សប្បាយ និងការបង់ពន្ធដោយខ្លួនឯង ដូចជាប្រជាជនស៊ុយអ៊ែតផងដែរ។

លោកបានបញ្ជាក់ទៀតថា «នៅស៊ុយអ៊ែតមាន៩៥ភាគរយ នៃអ្នកជាប់ពន្ធទាំងអស់ គេពេញចិត្តនឹងអាជ្ញាធរពន្ធដារ អចឹងខ្ញុំក៏ចង់ឲ្យអ្នក [អ្នកជាប់ពន្ធ] ជាង៩០ភាគរយពេញចិត្តពន្ធដារកម្ពុជាដែរ ហើយខ្ញុំក៏បានស្វែងយល់ពីគេថា គេធ្វើយ៉ាងម៉េច បានប្រជាជនគេពេញចិត្តនិងពន្ធដារយ៉ាងដូច្នេះ?»

លោកអគ្គនាយកបានលើកឡើងទៀតថា ដើម្បីឲ្យប្រទេសស៊ុយអ៊ែត មានប្រជាពលរដ្ឋពេញចិត្តក្នុងការបង់ពន្ធនេះ ត្រូវការចំណាយពេលច្រើនទសវត្សរ៍ សម្រាប់ប្តូរនូវផ្នត់គំនិតរបស់អ្នកជាប់ពន្ធ ហើយអ្វីដែលកម្ពុជាធ្វើកំណែទម្រង់កន្លងមកទៅនេះ គឺធ្វើតាមផ្លូវត្រូវ អ្នកជាប់ពន្ធមានការសប្បាយចិត្តក្នុងការបង់ពន្ធ និងអ្នកជាប់ពន្ធមានការងាយស្រួលក្នុងការបង់ពន្ធផងដែរ៕