(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងទៅកាន់សមាជិក សមាជិការបស់ខ្លួនថា មនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខ ហើយបើមិនប្រឹងប្រែងរស់ដោយខ្លួនឯងទេ នឹងក្លាយជាមនុស្សរង់ចាំទទួលបញ្ជាពីអ្នកដទៃជារៀងរហូត។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានគូសបញ្ជាក់ដូច្នេះ ក្នុង​ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ។ ពិធីនោះក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមផងដែរ។

មេដឹកនាំយុវជនដែលជាអ្នកបន្តវេណក្នុងការជ្រោងទង់កម្ពុជាបានសរសេរយ៉ាងដូច្នេះថា «យើងត្រូវប្រឹងប្រែងដោយខ្លួនឯង ដើម្បីបន្តឆ្ពោះទៅមុខបន្ថែមទៀត។ បើមិនប្រឹងរស់ខ្លួនឯង មានភាពម្ចាស់ការ និងសិទ្ធសម្រេចលើខ្លួនឯងទេ យើងនឹងក្លាយទៅជាមនុស្សដែលចាំទទួលការបញ្ជាពីគេរហូត។ គ្មាននរណាស្រឡាញ់យើង ជាងយើងខ្លួនឯងនោះទេ»។​

ជាការកត់សម្គាល់ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ចំពេលមានមតិចម្រូងចម្រាស់ជាច្រើនលើការប្រកាសព្យួរបណ្តោះអាសន្ននូវការអនុគ្រោះពន្ធក្រុមកម្មវិធី «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ពីសំណាក់គណៈកម្មការអឺរ៉ុប។ បញ្ហាព្យួរ EBA នេះ ប្រជាពលរដ្ឋខ្មែរមាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាលយល់ឃើញថា នឹងធ្វើឲ្យកម្ពុជាជួបបញ្ហាសេដ្ឋកិច្ច ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ប៉ុន្តែខាងរាជរដ្ឋាភិបាលវិញ អះអាងថា បញ្ហាព្យួរ EBA នឹងមិនធ្វើឲ្យសេដ្ឋកិច្ចខ្មែរស្លាប់នោះឡើយ គឺនៅតែអាចបន្តដំណើរទៅមុខដោយមិនមានបញ្ហាអ្វីនោះឡើយ៕