(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា រួមជាមួយនិងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាជាតិលើកទី៨ ស្ដីពីសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «សារៈសំខាន់នៃអាហារូបត្ថម្ភ ក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត»។ កម្មវិធីនេះ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ អេង ហួត។

ពាក្យថា ១០០០ថ្ងៃដំបូងនេះ ត្រូវបានលោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានបជ្ឈមណ្ឌលជាតិគាំពារមាតា ​និងទារក បានថ្លែងឲ្យដឹងថា ១០០០ថ្ងៃដំបូងនេះ គឺជាកំលុងពេលដ្រីចាប់ផ្ដើមមានផ្ទៃពោះ រហូតទៅដល់ពេលកុមារមានអាយុពីរឆ្នាំ។ រយៈពេលនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានរបស់កុមារ និងលើសពីនេះទៀត សម្រាប់ការលូតលាស់ពេញមួយជីវិតរបស់ពួកគេតែម្ដង។

លោកស្រីសាស្ដ្រាចារ្យបន្ដថា «នៅពេលកុមារ មិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ នៅក្នុងអំឡុងពេល ១០០០ថ្ងៃនេះ វាអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន និងពិបាកកែប្រែឲ្យបានល្អប្រសើរឡើងវិញបាន ដែលក្នុងនោះអាចនាំឲ្យកុមារមានជំងឺញឹកញាប់ ក្រិសក្រិន ពន្យារការលូតលាស់ និងអាចបាត់បង់ជីវិតទៀតផង។ ដូច្នេះយើងត្រូវពិនិត្យ និងថែទាំសុខភាព មុន អំឡុងពេលមាន និងក្រោយសម្រាលកូន រហូតដល់ពេលកូន មានអាយុ២ឆ្នាំ ជាការចាំបាច់បំផុត»

លោកស្រីសាស្ដ្រាចារ្យបន្ដថា «បានជាក្នុងឆ្នាំនេះ យើងលើយកនូវប្រធានបទ [សារៈសំខាន់នៃអាហារូបត្ថម្ភ ក្នុងអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត] ដោយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់ទៅលើការថែទាំសុខភាព ស្ដ្រី មាតា និងទារក ដោយបានដាក់នូវគោលដៅថា ជួយធ្វើយ៉ាងណា ដើម្បីស្ដ្រី មាតា ទារក និងកុមារទទួលបានសេវាថែទាំសុខភាពទាំងអស់គ្នា ទាំងអ្នកមានលទ្ធភាព និងអត់លទ្ធភាពឬ ក្រីក្រនោះ ត្រូវតែទទួលបានសេវាថែទាំ និងព្យាបាល ស្មើៗគ្នា ប្រកបដោយសមធម៌ និងគុណភាព។ ពិសេសសម្រាប់ស្ដ្រីក្រីក្រ រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់បំផុត ទាំងពេលកំពុងពពោះ និងសម្រាលកូនរួច ទទួលបានការពិនិត្យព្យាបាល ដោយឥតគិតថ្លៃ ដោយប្រើប្រាស់នូវមូលនិធិសមធម៌ របស់រាជរដ្ឋាភិបាល និងទទួលបានថវិកាផងដែរ»

លោកស្រីសាស្ដ្រាចារ្យ បានបញ្ជាក់ថា តាមផែនទីបង្ហាញសម្រាប់ពន្លឿន ការកែលម្អអាហារូបត្ថម្ភ (២០១៤-២០២០) អនុវត្ដវិធីសាស្ដ្រដោយផ្ដោតទៅលើអន្ដរាគមន៍ ពេញមួយជីវិត គឺ ដើម្បីសម្រេចបាននូវលទ្ធផល យូរអង្វែង ក្នុងឱកាសមាស ១០០០ថ្ងៃដោយផ្ដោតទៅលើ៖ លទ្ធផល មាតា​ និងទារក ទើបនឹងកើត និងអាហារូបត្ថម្ភសម្រាប់ទារក និងកុមារ ដោយក្នុងនោះមានចំណុចដូចជា៖

* ការទ្រទ្រង់ និងការលើកកម្ពស់ ការផ្ដល់មីក្រូសារជាតិបន្ថែម និងការផ្ដល់គ្រាប់ថ្នាំទម្លាក់ព្រូន
* ការលើកកម្ពស់ អាហារូបត្ថម្ភ ក្នុងការពិនិត្យ ផ្ទៃពោះមុនពេលសម្រាល និងការផ្ដល់ប្រឹក្សាពាក់ព័ន្ធផ្សេងៗទៀត
* ពង្រីកការគ្រប់គ្រង និងសេវាថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភ ស្រួចស្រាវ នៅទូទាំងប្រទេស
* បង្កើនការចែកចាយម្សៅមីក្រូសារជាតិចម្រុះ ថ្នាំជីវជាតិអា និងការផ្ដល់ជាតិស័ង្កសីបន្ថែម ចំពោះកុមារ
* ធ្វើឲ្យប្រសើរឡើង និងពន្លឿនយុទ្ធនាការជាតិ ស្ដីពីការបំបៅកូនដោយ ទឹកដោះម្ដាយ និងយុទ្ធនាការផ្ដល់អាហារចម្រុះបំប៉នបន្ថែម ។

សូមជម្រាបផងដែរថា ក្នុងឱកាសប្រារព្ធខួបលើកទី៨ នៃទិវាជាតិសុខភាពមាតា និងកុមារ លោកសាស្ដ្រាចារ្យ អេង ហួត ក៏បានថ្លែងសារលិខិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ដែលបានផ្ញើជូនដល់បងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ផងដែរ៕