(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ​វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមានការចូលរួមពីធុរកិច្ចជនចិន និងអ្នកវិនិយោគរបស់កម្ពុជា ជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក វ៉ាង វិនធាន បានជូនពរដល់ប្រជាជនចិន ដែលកំពុងតែរស់នៅប្រទេសកម្ពុជា និងប្រជាជនចិន​ទាំងអស់ សូមទទួលបានជោគជ័យថ្មី និងកាន់រីកចម្រើនក្នុងការប្រកបមុខរបរ ឬការងារផ្សេងៗ នាឱកាសចូលឆ្នាំថ្មីនេះ។

សូមជម្រាបថា បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យ​ដ៏សំខាន់មួយរបស់ជនជាតិចិន ដែល​តែងតែប្រារព្ធឡើង​​នៅ ពេលផ្លាស់ប្តូរពីប្រតិទិនចាស់ ចូលប្រតិទិន​​ថ្មីរបស់ប្រទេសចិន​។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យ​និទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»

ម្យ៉ាងវិញទៀត ដោយសារតែ​ប្រតិទិនរបស់ប្រទេសចិន រាប់តាមដំណើរច័ន្ទគតិ នាំឲ្យ​​ការប្រារព្ធពិធីបុណ្យ​ចូលឆ្នាំនេះ សំដៅទៅលើ​បុណ្យ​ព្រះខែ «Lunar New Year» ផងដែរ។ ពិធីនេះប្រារព្ធឡើង​មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់​ថ្ងៃទី១៥ ខែទីមួយនៃឆ្នាំថ្មី ដែលថ្ងៃចុងក្រោយនេះ មនុស្សតែងតែធ្វើ​ពិធី​បង្ហោះគោម។

បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់​សតវត្សរ៍មកហើយ ព្រមទាំង​មានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យ​នេះធ្វើឡើង ដើម្បី​សម្តែងការគោរពដល់​ទេវតា និង​ជីដូនជីតាសាច់សារលោហិត។ វាត្រូវបាន​ប្រារព្ធឡើង​នៅ​ក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរ​ជនជាតិចិនរស់នៅក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក។

ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកជា​បុណ្យ​ ឈប់សម្រាកដ៏សំខាន់​មួយសម្រាប់​ជនជាតិចិន ព្រមទាំង​បានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌ នៃបណ្តាប្រទេស​ជិតខាងផងដែរ៕