(បន្ទាយមានជ័យ​)៖​ ជនជាតិម៉ាឡេស៊ី៤៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្រុងប៉ោយប៉ែត កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨កន្លងទៅ និងបានបញ្ជូនទៅឃុំនៅពន្ធនាគារ​នោះ ត្រូវបានតុលាការដោះលែង​ហើយ ក្រោយមានការសម្របសម្រួលពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដែលដើរតួយ៉ាងសំខាន់ដើម្បីសម្របសម្រួលការងារនេះ នឹងធ្វើសន្និសីទសារព័ត៌មាន នៅខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជាក់អំពីលទ្ធផលលម្អិត នៃកិច្ចប្រតិបត្តិការលើបញ្ហានេះជូនសាធារណៈជនឲ្យបានជ្រាប​បន្ថែមទៀត។

សូមជម្រាបថា ​កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ដឹកនាំសម្របសម្រួល​ដោយលោក តេង សាម៉ៃ ព្រះរាជអជ្ញារងអមសាលា​ដំបូងខេត្តបន្ទាយមានជ័យ និងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះឆែកឆេរ​ចាប់ជនជនជាតិបរទេស ដែលបើកមុខរបររកស៊ី (អនឡាញ) ដោយខុសច្បាប់ចំនួនពីរទីតាំង។​

*ទីតាំងទី១៖ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចប្រមូលបានជនបរទេស ចំនួន​២៥នាក់ ក្នុងនោះជនជាតិចិន​៥នាក់ និងជនជាតិម៉ាឡេស៊ី២០នាក់ ក្នុងនោះស្រី០៣នាក់។

*ទីតាំងទី២៖ ចុះប្រតិបត្តិការនៅម៉ោង០៣៖​៣០នាទី សមត្ថកិច្ចរកឃើញ​ជនបរទេសចំនួន​៣០នាក់ ស្រី០៧នាក់ ក្នុងនោះជនជាតិចិន០៣នាក់ និង​ជនជាតិម៉ាឡេស៊ីចំនួន២៧នាក់ ស្រី០៧នាក់ ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ សរុបទាំងអស់ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច​ប្រមូលបានជនបរទេសចំនួន៥៥នាក់ ស្រី១០នាក់ ក្នុងនោះជនជាតិចិន ចំនួន០៨នាក់ ជនជាតិម៉ាឡេស៊ី​៤៧នាក់ ស្រី១០នាក់៕