(ភ្នំពេញ)៖ ​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមបើក ពិធី​សូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គូរអានុលការីម ថ្នាក់ជាតិ​ឆ្នាំ២០១៩ ​នៅវិហារធំគីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមាន​សមេ្តច​តេជោ ហ៊ុន សែន ជាប្រមុខ​ដឹកនាំ បាន​និងកំពុងខិតខំ​យ៉ាងសកម្មបំផុត ក្នុងការរក្សា​សុខសន្តិភាព ស្ថេរភាពសុវត្ថិភាព ការពង្រឹង និងពង្រីកខឿន សេដ្ឋកិច្ចជាតិ និងការធ្វើឲ្យមាន​វឌ្ឍនភាពវប្បធម៌ប្រពៃណី ក៏ដូចជាការបង្កនូវបរិយាកាស យោគយល់ចុះសម្រុងគ្នា និងភាពសុខដុម​រមនា រវាងសាសនិក នៃសាសនា​ទាំងឡាយ​នៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍសង្គមជាតិ។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល តែងស្វាគមន៍ជានិច្ច​នូវរាល់សកម្មភាព​គ្រប់សាសនា​នៅកម្ពុជា ដែលមានលក្ខណៈ​ជាការអភិវឌ្ឍសង្គមជាតិ ដោយ​គោរពច្បាប់ប្រទេសជាតិ ជាធំ​គោរពសិទ្ធិ និងកិត្តិយសផងគ្នា មិន​រំលោភបំពានគ្នា ពិសេស​នៅក្នុងការផ្សព្វផ្សាយសាសនារបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម សូមស្ងើចសរសើរ ដោយ​ស្មោះ ច៓ពោះលទ្ធផល សកម្មភាពការងារ​​ដែលគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាសម្រេច បាននាពេលកន្លងមក​ដើម្បីរួមចំណែក ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ការធ្វើដំណើរយ៉ាងរលូន និងសន្សឹមៗ តាមទិសដៅរបស់ខ្លួន​ដើម្បីបំពេញនូវទំនុកចិត្ត​របស់ ព្រះអល់ឡោះ និងរបស់មនុស្សជាតិ គឺជាកត្តាមួយដ៏សំខាន់បំផុត ក្នុងការសម្រេចបាននូវផែនការ​ទិសដៅ​របស់ខ្លួន។

បន្ថែមពីនេះ តាំងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ផ្ទាល់​សូមផ្ដល់នូវអនុសាសន៍ និងសំណូមពរ​មួយចំនួន រួមមាន៖

*ទាំងស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំគ្រប់ថ្នាក់ អង្គការ សមាគមទាំងសមូហភាព និងបុគ្គលចូរខិតខំបន្ត លើកជ្រោងឲ្យបានខ្ពស់​នូវទង់វប្បធម៌ និងប្រពៃណី សាមគ្គីភាព ជាចរិតសាសនា និងសង្គមជាតិ ដោយឈរនៅលើ​កត្តាអធ្យាស្រ័យ និងយោគយល់គ្នា សម្របសម្រួល និងសហការគ្នា ជួយដាស់តឿន​កែលម្អ និងឧបត្ថម្ភគ្នា ពិសេស​សូមចាត់តាំងឲ្យមាន​ជាប្រចាំ និងរស់រវើកនូវសកម្មភាព នៃ «ដាស់តឿន ក្រឿនរំលឹកណែនាំ និងបង្ហាញជាលក្ខណៈឥស្លាម ស្ដីពី វប្បធម៌ ទាំងវប្បធម៌រូបីយ៍ និងវប្បធម៌អរូបីយ៍ជាដើម។ល។

*ដើម្បីឲ្យឥស្លាម និងវប្បធម៌ ដែលជាប្រធានបទ នៃពិធីសូត្រ និងប្រឡងចាំមាត់នាឆ្នាំនេះ ប្រកបដោយ ប្រសិទ្ឋភាពក្នុងសហគមន៍ឥស្លាម ក្នុងការអនុវត្ត សូមគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ដាក់ចេញនូវគោលការណ៍​មតិណែនាំអនុវត្ត ឬបទបញ្ញត្តិផ្សេងៗ សម្រាប់ការអនុវត្ត​របស់បងប្អូន​សម្រាប់ជាខ្លឹមសារ ឃោសនា ផ្សព្វផ្សាយ របស់វាគ្មិន ឬជាធម្មទេសនា ​នូវខ្លឹមសារ ដែលពាក់ព័ន្ធនឹង ការយកចិត្តទុកដាក់ ចំពោះ​វប្បធម៌ ដោយដកស្រង់ពីមូលដ្ឋាននៃគម្ពីរអាល់គួរអាន ប្រសាសន៍របស់ព្យាការី មហាំម៉ាត់ មតិយោបល់របស់ពួកអ្នកឥស្លាមវិទូ ​ហៅថា អ៊ូឡាម៉ា ​គំនិតទស្សនៈរបស់អ្នកប្រាជ្ញ ជាពិសេស​ប្រវត្តិសាស្រ្តនៃសាសនា និងមនុស្សជាតិ។

*គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា គប្បីបង្កើតឲ្យមាន​ជាវគ្គបំពាក់បំប៉ន ដល់ថ្នាក់ដឹកនាំ​គ្រប់ថ្នាក់របស់ខ្លួន គ្រូឥស្លាមក្នុងក្របខណ្ឌរដ្ឋ និងខ្លឹមសារដែលពាក់ព័ន្ធ​ការ​វប្បធម៌នេះ សំដៅធ្វើយ៉ាងណាឲ្យ​វប្បធម៌ឥស្លាម ត្រូវបានជ្រោតជ្រាបនៅក្នុងសង្គមកម្ពុជា ដែលជា​បច្ច័យនាំមកនូវសុខសុវត្តិភាពជាតិ​។

*វប្បធម៌ឥស្លាមគប្បីបានលើកកម្ពស់ និងបន្ដផ្សព្វផ្សាយ ឲ្យអស់ពីលទ្ធភាព​របស់ខ្លួន ទៅដល់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ តាំងពីការសិក្សា​ស្រាវជ្រាវ និងរៀនសូត្របន្ថែមពីគម្ពីរធម៌អាថ៌ សៀវភៅ ក្បូនតម្រា និងច្បាប់នានា បានលើកកម្ពស់កម្រិត​យល់ដឹងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា​ឲ្យវប្បធម៌ឥស្លាម ត្រូវបានលើកកំពស់ ដូចកាលជំនាន់ព្យាការី ធ្លាប់បានអនុវត្តនាកន្លងមក ព្រមទាំង​ស្របនឹងការខិតខំ ប្រឹងប្រែងពីរាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការលើកកំពស់​វប្បធម៌នៅកម្ពុជា។

*ការផ្ដល់សិទ្ធិ ឬយកចិត្តទុកដាក់ ចំពោះវប្បធម៌ឥស្លាម ពុំមែនសំដៅតែបុគ្គលណាម្នាក់ ឬថ្នាក់ដឹកនាំណាម្នាក់ទេ ដែលជាអ្នកទទួលខុសត្រូវ ប៉ុន្តែ​តាមពិតសំដៅទៅលើសាសនិកឥស្លាម​ទូទៅ​នៅកម្ពុជា។ ហេតុនេះគប្បីបំផុស ការអប់រំ សហគមន៍ឥស្លាម ដើម្បីបានចូលរួមអនុវត្ត​នូវរាល់​សកម្មភាព របស់ជាតិ​ដែលមិនផ្ទុយនឹងធម៌អាថ៌ សាសនាឥស្លាម ដែលពាក់ព័ន្ធនឹងការពង្រឹងខាង​វប្បធម៌នេះ។
*ចូរបងប្អូន​សាសនិកឥស្លាម រៀនសូត្រ ហ្វឹកហាត់ អប់រំ ដើម្បីបានប្រែក្លាយ ខ្លឹមសារ​ដ៏ពិសិដ្ឋ របស់​អល់ឡោះ ក្នុងគម្ពីរអាល់គួរអាន​ឲ្យទៅជាសកម្មភាពពិត ជាគុណធម៌​ដ៏ល្អផូរផង់ និងជាសីលធម៌ដ៏ថ្លៃថ្នូរ​របស់សហគមន៍ បងប្អូនដែលទាំងនោះ ជាផ្នែកមួយ​នៃវប្បធម៌ សាសនា​របស់បងប្អូន​ដើម្បីបង្ហាញ ពីកិត្យានុភាព និងភាពថ្លៃថ្នូរ របស់​សាសនាឥស្លាម ជូនដល់ជនដទៃ​ទៀតដែលពុំទាន់ដឹង និងពុំទាន់យល់ ស្ដីពី​សាសនានេះ។

*សូមគណៈកម្មការរៀបច៓ពិធីសូត្រ បំពេញការងាររៀងៗខ្លួន ដោយគណនេយ្យភាព និងតម្លាភាព ជាពិសេសគណៈមេប្រយោគ ពិធីសូត្រនិងប្រឡងចាំមាត់នេះ ប្រកាន់ខ្ជាប់នូវវប្បធម៌ ស្មោះត្រង់ សីលធម៌ស្អាតស្អំ ស្រឡាញ់យុត្តិធម៌ និងសុភវិនិច្ឆ័យ ស្មារតីរឹងមាំ ជៀសផុត ពីនិន្នា​ការលំអៀង ដោយ​មនោសញ្ចេតនា ដែលតែងតែដឹកនាំ​ដោយអារម្មណ៍អាក្រក់ ក្នុងការវិនិច្ឆ័យ​លើការ​ឲ្យពិន្ទុដល់​អ្នកសូត្រនៅក្នុងពេលបន្តិចទៀតនេះ៕