(តាកែវ)៖ អ្នកតំណាងរាស្ត្រមណ្ឌល​តាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ លោក ច័ន្ទ សារុន និងភរិយា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវ​​មហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តមឿងចារ្យ ភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលចំណាយថវិកា សរុបប្រមាណ ១១ម៉ឺនដុល្លារ។

ពិធីសម្ពោធនេះ ក៏មានការអញ្ចើញចូលរួមពី ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ការិយាលយ័អង្គភាពជុំវិញស្រុក, មេឃុំ, តាជីយាយជី, លោកគ្រូអ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ចំនួន​៨១២នាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ច័ន្ទ សារុន និងភរិយា បានផ្តល់សៀវភៅ និងប៊ិចដល់សិស្សានុសិស្ស ចំនួន២០០នាក់, លោកគ្រូ អ្នកគ្រូ៣៤នាក់ ដោយម្នាក់ៗទទួលថវិកា​ចំនួន​២០,០០០រៀល, តាជីយាយជី៥៥នាក់​ម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ ថវិកា​ចំនួន១០,០០០រៀល និងបានចូលរួមបច្ច័យចំនួន​ ២,០០០,០០០រៀលផងដែរ។

សូមជម្រាបថា មហាកុដិដែលត្រូវបានសម្ពោធនេះ មានទំហំ៨ម៉ែត្រ គុណ១២.៣០ម៉ែត្រ កំពស់២ជាន់ ហើយក្រៅតែពី មហាកុដិហើយនោះ ក៏មានសមិទ្ធផលមួយចំនួនទៀត រួមមានដូចជា វេទិកា​ទទួលបច្ច័យ​ទំហំ៤ម៉ែត្រ​, សាលាទទួលភ្ញៀវ២ខ្នង, វិមានចាស់ស្រុក១ខ្នង ទំហំ៤.៥០ម៉ែត្រ គុណ៥.៥០ម៉ែត្រ និងរោងដូនជី១ខ្នង ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ដោយចំណាយថវិកា​សរុប ចំនួន​១១៦,៣១៩ដុល្លារអាមេរិក។

ថវិកា​សម្រាប់ការសាងសង់សមិទ្ធផលទាំងអស់នេះ គឺជាអំណោយរបស់សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសប្បុរសជនទាំងក្នុង និងក្រៅប្រទេស និងពុទ្ធបរិស័ទចំណុះជើងវត្ត៕​