(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត​ Liu Yunguo តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានជួបពិភាក្សាការងារ និងជំរាបលាលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បន្ទាប់ពីលោកចប់បេសកកម្មនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​។

លោកវេជ្ជបណ្ឌិត តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានសហការ និង​បំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងកិច្ចការប្រយុទ្ធ និងឆ្លើយតបទៅនឹង មេរោគអេដស៍ និងជំងឺអេដស៍ ក៏ដូចជា ក្នុងការគ្រប់គ្រងសម្របសម្រួលគម្រោងមូលនិធិសាលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់សំរាប់កម្ពុជា ក្នុងអណត្តិដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសាកល ចំណែកលោកវេជ្ជបណ្ឌិតតំណាង អង្គការសុខភាពពិភពលោក ជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការ។

លោកវេជ្ជបណ្ឌិត Liu Yunguo បានសម្តែងការកោតសសើរ និងថ្លែងអំណរគុណ ជូនចំពោះលោកទេសរដ្ឋមន្រ្តី ដែលបានជួយជ្រោមជ្រែង ​សហការយ៉ាងជិតស្និទ្ធជាមួយអង្គការ សុខភាពពិភពលោក ក្នុងការលើកកំពស់ការគ្របដណ្តប់ ការឆ្លើយតប និងការគាំទ្រអន្តរវិស័យ ដែលមាននិរន្តភាព ភាពជាម្ចាស់ ដោយមានការចូលរួម ពីសំណាក់អង្គការសង្គមស៊ីវិល និងជាពិសេសក្រុមតំណាង ប្រជាពលរដ្ឋកំពុងរស់នៅជាមួយ មេរោគអេដស៍។

លោកវេជ្ជបណ្ឌិត បានកោតសសើរ ជាពិសេសអំពីមគ្គុទេសភាព ប្រកបដោយទេពកោសល ក្នុងការដឹកនាំសម្របសម្រួល​ គម្រោងមូលនិធិសាកល ដោយមានការចូលរួមពីសំណាក់មូលនិធិសាកល ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិត សង្ឃឹមថា បទពិសោធន៍ និងជោគជ័យ ក្នុងការយន្តការប្រយុទ្ធនឹងឆ្លើយតប ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា អាចនឹងត្រូវបានយកទៅអនុវត្ត ក្នុងការប្រយុទ្ធនឹងឆ្លើយតបទៅនឹងជំងឺ មិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជាដើម។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានជូនពរលោកវេជ្ជបណ្ឌិត ទទួលបានជោគជ័យ ក្នុងភារកិច្ចថ្មីរបស់អង្គការសុខភាពពិភពលោក ដែលបានប្រគល់ជូន​ និងជូនវត្ថុអនុស្សាវរិ៍ ជូនលោកវេជ្ជបណ្ឌិតផង៕