(ស្វាយរៀង)៖ លោក ហេង សុផាន់ណារិទ្ធ តំណាងលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចែកប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក នៃខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីអស់លោកលោកស្រីជា អភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក និងមន្ត្រីដែលពាក់ពន័ន្ធជាច្រើនរូបទៀត។

លោក ហេង សុផាន់ណារិទ្ធ បានថ្លែងថា ពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពី អនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក នៃខេត្តស្វារៀង សរុបចំនួន៣៥២ប័ណ្ណ ហើយមុខសញ្ញាដែលទទួលបានប័ណ្ណសមាជិក ប.ស.ស នាពេលនេះ សុទ្ធសឹងតែជាមន្ត្រីរាជការ ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពផ្សេងៗ សម្រាប់មន្រ្តីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាលដែលបានគិតគូរ នឹងឆ្លើយតបយ៉ាងសមរម្យទៅនឹងតម្រូវការជាក់ស្តែង និងផ្ដល់អត្ថប្រយោជន៍ផ្នែកសង្គម និងហិរញ្ញវត្ថុរបស់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ការជួយគ្នាទៅវិញទៅមក ប្រកបដោយសមធម៌ និងធានានូវធ្លុងសាមគ្គីភាពក្នុងសង្គម។

លោក ម៉ែន វិបុល បានសំណូមពរដល់បេឡាជាតិសន្តិសុខសង្គម និងក្រុមការងារនៃ ប.ស.ស សូមបន្តជួយពិនិត្យ និងរៀបចំប័ណ្ណសមាជិក ប.ស.ស ដែលនៅសេសសល់ ដើម្បីប្រគល់ជូនមន្ត្រីរាជការ គ្រប់រូបបានប្រើប្រាស់ នឹងទទួលបានអត្ថប្រយោជន៍នានាពីការប្រើប្រាស់ប័ណ្ណសមាជិកប.ស.ស នេះបន្ថែមទៀត។

ជាក់ស្ដែង នៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៥ នៃរដ្ឋសភាកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលក្របខ័ណ្ឌគោល នយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង ប្រព័ន្ធគាំពារសង្គមដែលផ្ដោតលើ សសរស្តម្ភ សំខាន់សំខាន់ចំនួនពីរគឺ៖ ប្រព័ន្ធជំនួយសង្គម,និងប្រព័ន្ធសន្តិសុខសង្គម ហើយប្រព័ន្ធសន្តិសុខសង្គមមានធាតុផ្សំ៥រួមមាន៖ សោធន, ការថែទាំសុខភាព, ហានិភ័យការងារ, នីកម្មភាព និងពិការភាព។

លោកអភិបាលខេត្ត បានបញ្ជាក់ថា មន្ទីរពាក់ព័ន្ធទាំងអស់តួយ៉ាងមន្ទីមុខងារសាធារណៈខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ជាពិសេសមន្ទីរសុខាភិបាលខេត្ត សូមជួយតាមដានពិនិត្យ និងជំរុញណែនាំឲ្យការអនុវត្តការងារ ផ្តល់សេវាថែទាំសុខភាព នៅតែមន្ទីរពេទ្យទាំងអស់ ដែលបានចុះកិច្ចសន្យារួចត្រូវយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ឲ្យបានត្រឹមត្រូវប្រកប ដោយការទទួលខុសត្រូវ ធ្វើយ៉ាងណាចូលរួមគាំទ្រ គោលនយោបាយនេះ ឲ្យទទួលបានជោគជ័យ និងផ្ដល់នូវអត្ថប្រយោជន៍ពិតប្រាកដសម្រាប់មន្រ្តីរាជការទាំងអស់នៅក្នុងខេត្តស្វាយរៀងផងដែរ៕