(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពិធីអំណសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនដែលប្រារព្វពីថ្ងៃទី៤-៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយដែលបងប្អូនខ្មែរកាត់ខ្សែស្រទ្បាយចិន ឬជនជាតិចិនដែលមកវិនិយោគ ឬទេសចរណ៍ស្រុកខ្មែរ ដែលបានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ប្រពៃណីខ្លួនយ៉ាងសប្បាយរីករាយដូចយើងឃើញនេះ គឺពុំមែនមានតែនៅក្នុងស្រុកខ្មែរយើងនេះទេ គឺមាននៅគ្រប់ទ្វីប គ្រប់តំបន់ទំាងអស់ទូទំាងពិភពលោក។ បានន័យថា ចំពោះប្រពៃណីបុណ្យចូលឆ្នាំចិន គឺមានឥទ្ធិពលមិនថា តែស្រុកខ្មែរយើងនេះទេ ដែលមានចិនរស់នៅ ឬរកស៊ីនោះគឺមានពាសពេញពិភពលោកហ្នឹងឯង។

ចំពោះឥទ្ធិពលចិននេះដែរ បើនិយាយអំពីសង្គមស៊ីវិល ឬអ្នកវិភាគនយោបាយ ឬអ្នកនយោបាយខ្មែរខ្លះ ដែលជារឿយៗកន្លងមកតែងលើយកជនជាតិចិនមកធ្វើប្រធានបទក្នុងន័យនយោបាយ ដោយប្រៀបធៀបសង្គមខ្មែរ ទៅនិងប្រទេសដទៃថាស្រុកខ្មែររលាយហើយសុទ្ធតែចិនគឺខុសគេឯងលើពិភពលោក។ ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា ចំពោះអ្នកមានទស្សនៈរិះគន់ទំាងនេះ គឺពុំឈរលើផលប្រយោជន៍ជាតិនោះទេ។ ពីព្រោះបើយើងនិយាយពីស្រុកគេវិញ គឺមិនត្រឹមតែមានចិនមករកស៊ីដូចនៅស្រុកខ្មែរយើងនេះទេ។ គឺគេបង្កើតជា China Town ហៅថា «ទីក្រុងឬផ្សារចិន» ទៀតផងដើម្បីទាក់ទាញវិនិយោគ ឬទេសចរណ៍ចិននោះគឺមិនថាអាមេរិក កាណាដា អូស្រ្ដាលី បារំាង ម៉ាទ្បេស៊ី ថៃ ឬសិង្ហបុរី នោះទេ។

ជាក់ស្ដែង ដូចយើងឃើញពិធីបុណ្យចូលឆ្នាំចិននេះជាភស្ដុតាង ដោយនៅតាមបណ្ដាប្រទេសនីមួយៗ មានអក្សរចិន ភ្លើងរូបនាគ បង្ហាញពីប្រពៃណីចិនយ៉ាងក្រហមព្រោងព្រាតដ៏ អស្ចារ្យបំផុត។ បើដូច្នេះស្ថិតត្រង់ចំណុចនេះ សូមបងប្អូនខ្មែរយើងមើលឲ្យឃើញប្រទេសគេនានាក្នុងពិធីបុណ្យចូលឆ្នាំចិននេះ។ តើចិនមានតែស្រុកខ្មែរយើងឬយ៉ាងណា? បើដូច្នេះចំពោះអ្នកនយោបាយខ្មែរយើងខ្លះ ដែលតែងរិះគន់ចិនអីចេះឬអីចុះ!។យើងសួរថាចំពោះប្រទេសគេដែលមានសុទ្ធតែទីក្រុងចិន មានអក្សរចិន យ៉ាងក្រហមព្រោងព្រាតដូចយើងឃើញនេះ តើគេល្ងង់ជាងយើងឬយ៉ាងណា?៕