(សៀមរាប)៖​ ក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប រៀបចំការប្រឡងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៦ និងថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៧ ដែលមានបេក្ខជនចូលរួមប្រឡង ៧៧១នាក់។

លោក ប៉ាក់ សខុម រដ្ឋលេខធិការក្រសួងទេសចរណ៍ ជាប្រធានគណ:កម្មការចម្រុះទទួលបន្ទុកការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍​ បានចូលរួមពិធីជ្រើសរើស និងបើកវិញ្ញសាប្រឡង។

ការប្រឡងនេះ បានរៀបចំឡើងនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តសៀមរាប សម្រាប់ភាសាឯកទេសចំនួន ១២ភាសា រួមមាន៖ ភាសាចិន ជប៉ុន កូរ៉េ ថៃ វៀតណាម អង់គ្លេស បារំាង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី និងម៉ាឡេស៊ី។

សិក្ខាកាមដែលប្រឡងជាប់វិញ្ញាសាសរសេរនាពេលនេះ នឹងត្រូវអនុញ្ញាតឲ្យប្រឡងវិញ្ញាសាផ្ទាល់មាត់ភាសាឯកទេសក្នុងដំណាក់កាលបន្ទាប់ ហើយបេក្ខជនប្រឡងជាប់វិញ្ញាសាទាំង២ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រយៈពេល៤ខែ នៅសាកលវិទ្យាល័យ បៀលប្រាយ និងចុះកម្មសិក្សារយៈពេល២ខែ តាមក្រុមហ៊ុនទេសចរណ៍នានា។

សិក្ខាកាមបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដើម្បីស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ។

តបតាមការអញ្ជើញរបស់ក្រសួងទេសចរណ៍ ការប្រឡងវិញ្ញាសាសរសេរខាងលើ មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ការបណ្ដុះបណ្ដាលជំនាញ និងការបង្កើតឱកាសការងាដល់យុវជន ជាគោលដៅយុទ្ធសាស្ត្រមួយរបស់ក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយចីរភាព។ មគ្គុទេសទេសចរណ៍ មានតួនាទីជួយលើកតម្កើងកិត្យានុភាពជាតិ និងជួយផ្សព្វផ្សាយសក្កដានុពលទេសចរណ៍កម្ពុជា ទៅឆាកអន្តរជាតិ។ ដូចនេះ មគ្គុទ្ទេសទេសចរណ៍ត្រូវមានចំណេះទូលំទូលាយ ជំនាញកម្រិតខ្ពស់ និងអត្តចារឹកល្អ។

សូមរំលឹកផងដែរថា បច្ចុប្បន្នកម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង៥០០០នាក់។ ដើម្បីឆ្លើយតបនឹងកំណើនទេសចរប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍សរុបប្រមាណ១ម៉ឺននាក់។ បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ៦២ម៉ឺននាក់ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០២០ នឹងបង្កើតការងារផ្ទាល់ចំនួន១លាននាក់ ឆ្នាំ២០២៥ ប្រមាណ ១.២លាននាក់ និងឆ្នាំ២០៣០ ប្រមាណ១.៧លាននាក់៕