(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន​​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង និងទាហានទាំងអស់នៅទូទាំងខេត្តស្ទឹងត្រែង សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្សី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដើម្បីញុះញង់ឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង គោរព និងអនុវត្តន៍ម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបានដាក់ចេញនូវភារកិច្ចជាអាទិភាព ដល់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។

តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តនូវដីការបស់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជនក្បត់ជាតិ ដែលតុលាការតាមចាប់ខ្លួន និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់ ទណ្ឌិត សម រង្សី​។

​សូមបញ្ជាក់ថា ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ ​នៃ​ការបង្កើត​ទីបញ្ជាការដ្ឋាន​កងទ័ពជើងគោក​កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅនេះ សម្តេច​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន បានប្រកាសឲ្យ​កងទ័ព​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​ក្នុងការ​ការពារ​នូវ​សុខសន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​រួមគ្នា​ទប់ទល់​ជាមួយ​សកម្មភាព​ទាំងឡាយ​ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​កងទ័ព​ទាំងអស់ឲ្យ​អនុវត្តន៍​វិធានការ​កម្ទេចជន​បំផ្លាញ​សុខសន្តិភាព និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ដោយ​មិនចាំបាច់​រង់ចាំ​បទបញ្ជា​នោះទេ​។ សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​មិន​ខ្លាច​នឹង​ចាត់វិធានការ​ចំពោះ​ជន​មួយ​ក្តាប់​តូច ដើម្បី​រក្សា​នូវ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នោះឡើយ​៕​