(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលខេត្តក្រចេះ សហការជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យម្ហូបអាហារ បន្លែ ត្រីសាច់ នៅក្នុងផ្សារស្នួល ស្រុកស្នួល ស្ថិតនៅភូមិស្នួល-ស្នួល ដោយបាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះទៅធ្វើតេស្តម្ហូបអាហារជាក់ស្តែង នៅនឹងកន្លែងតែម្ដង ក្នុងនោះជាលទ្ធផលរកឃើញ មានងៀតត្រីបបែលមានផ្ទុកសារធាតុ Borax។

លោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានឲ្យដឹងថា ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោក ប្រមូលយកគំរូម្ហូបអាហារប្រចាំជាង៣២មុខរួមមាន៖ ផ្អក ប្រហុក បន្លែ ផ្លែឈើ ត្រី សាច់ ស្ពៃជ្រក់ និងអាហារផ្សេងៗទៀត។

ក្រុមការងារបានធ្វើពិសោធន៍ដោយរថយន្ដមន្ទីរសោធន៍ចល័ត របស់អគ្គនាយដ្ឋានកាំកុងត្រូល ក្រែងមានសារធាតុគីមី ឬហួសសុពលភាព អាចបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

លោកអនុប្រធានរូបនោះ បានបន្ដទៀតថា ការធ្វើពិសោធន៍ដោយរថយន្ដមន្ទីរពិសោធន៍ចល័ត ជាលទ្ធផលរកឃើញមានសារធាតុ Borax នៅក្នុងត្រីបបែល (ត្រីប្រឡាក់) ហើយបានដកហូតដើម្បីកម្ទេចចោល ក្នុងចំណោមម្ហូបដាក់តាំងលក់៣២មុខ ដែលមន្រ្តីកាំកុងត្រូលបានត្រួតពិនិត្យជាក់ស្តែង។

គួររម្លឹកថា ការចុះត្រួតពិនិត្យដោយឡានចល័តផ្ទាល់ មកពិនិត្យច្រើនសារមកហើយ ដោយមានមន្រ្តីបច្ចេកទេស ម៉ាស៊ីនស្វ័យប្រវត្តិ តេស្តឃើញជាក់ស្តែង និងផ្សព្វផ្សាយជួនដល់មហាជន ដើម្បីជ្រាប់ងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណាដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសជាងបរិភោគអាហារដែលមានសារធាតុគីមីពុលនាំឲ្យខាតបង់សុខភាព លុយកាក់ក្នុងគ្រួសារ។

លោក គង់ គឹមនី អភិបាលស្រុកស្នួល បានលើកឡើង និងសំណូមពរដល់អាជីវករទាំងអស់ត្រូវរកស៊ីមានសុច្ចរិតភាព កុំគិតតែផលចំណេញពេក នាំឲ្យខាតខ្លួនឯងផងខុសច្បាប់ផង និងប៉ះពាល់សុខភាពអ្នកបរិភោគបង្កើតជាកំហសុធ្ងន់ធ្ងរ ប៉ះពាល់សុខភាពទូទៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមអាជ្ញាធរ មន្រ្តីជំនាញ និងចូលរួមត្រួតពិនិត្យ តាមដានជាប្រចាំពីសុវត្ថិភាពម្ហូបអាហារនៅលើទីផ្សារច្រកនាំចូល និងអប់រំផ្សព្វផ្សាយព័ត៌មានទៅមហាជនគ្រប់ពេលវេលាគ្រប់ទីកន្លែង៕