(បន្ទាយមានជ័យ)៖​ ជនសង្ស័យជាក្រុមកាច់-កម៉ូតូ តាំងតែពីឆ្នាំ២០១៧​មក លុះឆ្នាំ២០១៩ ទើបត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុង បានធ្វើស្រាវជ្រាវរកឈានដល់ការបង្ក្រាបបាន ក្នុងស្ថានទម្ងន់ទោស (លួចម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ ចំណែកម៉ូតូ៤គ្រឿងដែលដកហូតបាន ត្រូវប្រគល់ឲ្យម្ចាស់ដើមវិញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា នេះថា យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះចំនួន៤នាក់ និងដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា រាល់បទល្មើស ដែលកើតមានឡើងក្នុងភូមិសាស្រ្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានចំនួន ៤នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ។

លោកវរសេនីយ៍ត្រី បានឱ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន៖
ទី១៖ ឈ្មោះ វ៉ាង ញ៉ាញ់ ហៅអាណាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី២៖ ឈ្មោះ ខៀវ សារិត ហៅង៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៣៖ ឈ្មោះ ចាន់ ស្រីលាក់ អាយុ២៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ផ្លូវចូលខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ទី៤៖ ឈ្មោះ សន ធារិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ

លោកបានបន្ថែមថា នៅក្នុងប្រតិបត្តិការនេះ បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ១គ្រឿង, ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១៥ ពណ៌ខ្មៅ១គ្រឿង, ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១៨ ពណ៌ខ្មៅ ១គ្រឿង, ម៉ូតូម៉ាក HONDA DREAM ឆ្នាំ២០១១ ពណ៌ខ្មៅ១គ្រឿង និងស្លាកលេខម៉ូតូចំនួន ៥សន្លឹក ព្រមទាំងសម្ភារៈកែឆ្នៃម៉ូតូមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទលួច និងកាច់-ក សោរម៉ូតូ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ និងបានធ្វើសកម្មភាពលួចម៉ូតូបានជាច្រើនគ្រឿងមកហើយ ពេលលួចបានខ្លួន និងបក្ខពួកបានយកម៉ូតូមកកែច្នៃឲ្យប្លែកពីសភាពដើម ហើយបានយកទៅលក់ និងដាក់បញ្ចាំដាច់ នៅតាមកន្លែងផ្សេងៗ។

លោកបានបញ្ជាក់ទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ លួចមានស្ថានទម្ងន់ទោស បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែកម៉ូតូចំនួន៤គ្រឿង កម្លាំងជំនាញកងរាជអាវុធហត្ថ បានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ៕