(រតនគិរី)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ នៅទីស្នាក់ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ មានអ្នកចូលរួម១៥០នាក់។

ពិធីខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ទឹម មុន្នីរតន៍ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត, លោក ហោ ឆែល អភិបាលរងក្រុងបានលុង និងលោក ទឹម លួង ចៅសង្កាត់យក្ខឡោម។

លោក ទឹម មុន្នីរតន ​បានលើកឡើងក្នុងពិធីខាងលើនេះថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនោះ អ្នកត្រូវមានឯកសារចូលរួមដូចជា អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រកំណើត,សំបុត្រអាពាហ៍ពិពាហ៍, ឯកសារក្បាលដី (លិខិតស្នាមដីធ្លី) ជាដើម។

លោក ទឹម មន្នីរតន៍ បន្តថា​ត្រូវមានអត្តសញ្ញាណ០២ ដែលសំខាន់ក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គឺស្ថានភាពដី (លើចំណីផ្លូវ, ជាប់អូរ, ជាប់ព្រែក) និងស្ថានភាពមនុស្ស (មេម៉ាយ, ពោះម៉ាយ) ហើយរាល់ការងារទាំងអស់ខាងលើនេះ គ្មានកម្រៃសេវាអ្វីទេលើកលែងច្បាប់រដ្ឋ។

មានមតិសំណេះសំណាលក្នុងឱកាសខាងលើនេះដែរ លោក ហោ ឆែល បានសម្តែងនូវការដឹងគុណ ចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តដែលបានបញ្ជូនក្រុមការងារ មកចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋក្រុងបានលុង នាពេលនេះ។

ទន្ទឹមនេះក្នុងនាមលោកផ្ទាល់ បានសំណូមពរដល់បងប្អូនដែលបានចូលរួម សូមយកពិធីផ្សព្វផ្សាយនេះ ទៅផ្សព្វផ្សាយបន្តដល់បងប្អូន ដែលមិនបានចូលរួម។

ទាក់ទិនទៅនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា មានការយឺតយ៉ាវ កន្លែងខ្លះចុះជាលក្ខណៈប្រព័ន្ធហើយ ប៉ុន្តែមិនទាន់ចេញប័ណ្ណ។

លោក ជ្រុន សំបូរណ៍ ប្រធានក្រុមការងារវាល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ពួកគាត់ខ្លះខ្វះឯកសារដូចជា លិខិតបញ្ជាក់ការកាន់កាប់ដីធ្លី, លិខិតផ្ទេរសិទ្ធិ និងអត់បានមកបំពេញទិន្នន័យក្បាលដី មិនគ្រប់ចំនួនជាដើម៕