(ភ្នំពេញ​)៖​ យ៉ាងហោចណាស់មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ បានកើតឡើងពីរ​កន្លែង​ផ្សេង​គ្នា ​នៅ​ខណ្ឌ​សែនសុខ នា​យប់ថ្ងៃ​​ទី​២៣ ខែមករា ​ឆ្នាំ​២០១៩។

​អគ្គិភ័យ​ទី​១៖​ ឆេះរោងដាក់សម្ភារសំណង់របស់ខុនដូ ក្រុមហ៊ុន Star City ស្ថិត​នៅ​ក្នុង​ភូមិ​​ទ្រុង​មាន់​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ​នាវេលា​ម៉ោង​ជាង​៧យប់ ​ថ្ងៃ​ទី​២៣ ខែ​មករា ​ឆ្នាំ​២០១៩។

អគ្គិភ័យ​នេះ​ បាន​​​​លេប​ត្របាក់​រោងដាក់សម្ភារសំណង់​ធ្វើពីសង័្កសី ចំនួន​៥បន្ទប់ ប៉ុន្ដែមិនបណ្ដាលឲ្យប្រពលរដ្ឋណា​ម្នាក់​ រងគ្រោះថ្នាក់នោះទេ។ សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះ​នេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿង​​បាន​ចេញ​​បាញ់​ពន្លត់​ឲ្យ​​រលត់ជាស្ថាពរ​នៅ​វេលា​ម៉ោង​៩យប់​។ ដោយឡែកសម្រាប់ដើមចង ដែលបង្កឲ្យមានគ្រោះអគ្គិភ័យ នេះមិនទាន់ត្រូវបានសមត្ថកិច្ចឲ្យដឹងនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ។ ​

អគ្គិភ័យ​ទី​២៖​ ឆេះផ្ទះវីឡាស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ (​អ៊ីអន២) ផ្ទះ​លេខ​១១ ផ្លូវ​១៩ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ នៅម៉ោង​ជាង​១០យប់ ​ថ្ងៃ​ទី​២៣ ខែ​មករា ​ឆ្នាំ​២០១៩។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឮ​សំឡេង​ផ្ទុះ​ពី​ចេញផ្ទះ​កើត​ហេតុ ​តែ​គាត់​មិន​បាន​ចាប់​អារម្មណ៍​ឡើយ​ ព្រោះ​គាត់​គិត​ថា​ ម្ចាស់​ផ្ទះ​ប្រហែល​ជា​ធ្លាក់​របស់របរ​ប្រើ​ប្រាស់​ ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​ក្លិនឈ្ងៀម ​ហើយគាត់​បាន​ដើរ​ចេញ​មក​មើល​ឃើញ​​ផ្ទះ​ខាង​លើ​ ស្រាប់​តែ​ឃើញ​ទ្វារ​ជាប់​សោ​បាត់​ទៅ​ហើយ​។ ចំណែក​ឯ​ក្នុង​ផ្ទះ​វិញ​​មាន​ផ្សែង​ខ្មួលខ្មាញ់ ​ចេញ​មក​ខាង​ក្រៅ​​ហើយ​គាត់​បាន​ស្រែក​ហៅ​ឆោឡោ​ ដើម្បី​ឲ្យ​​អ្នក​ជិត​ខាង​ជួយ​ទាក់ទង​ទៅ​សមត្ថកិច្ច ​ដើម្បី​ឲ្យ​ចេញ​មក​ជួយ​អន្តរាគមន៍​ ភ្លាមៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ បាន​ចេញ​មក​ជួយ​អន្តរាគមន៍ ​ដើម្បី​ជួយ​ទប់ស្កាត់​នៃ​ការ​ឆាបឆេះ​នេះ​ផងដែរ​។

ហេតុការណ៍​នេះ​ដែរ​ ក៏មិនបណ្តាលឲ្យ​មាន​ នរណា​ម្នាក់រងរបួស​ឡើយ ​គឺ​គ្រាន់​តែ​ខូច​ខាត​សម្ភារ​មួយ​ចំនួន​ធំប៉ុណ្ណោះ​។ ​សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះ​នេះ ត្រូវបានកម្លាំងសមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ បានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យ​ជាច្រើន​គ្រឿង​​​ បាន​ចេញ​មក​ជួយ​បាញ់​ពន្លត់​រលត់ ជាស្ថាពរ​នៅ​វេលា​ម៉ោង១១៖​៣០នាទី​​យប់​។

ចំពោះករណីនេះ​ដែរ​ សមត្ថកិច្ចនៅមិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេ​ គ្រាន់​តែ​សង្ស័យ​ថា​​ អាច​នឹង​បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅបែបនេះ៕