(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្ដបន្ទាប់ រយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៩នេះ ដែលជាប់ពាក់ព័ន្ធករណីវាយប្លន់យកទូរស័ព្ទ, លួចម៉ូតូ និងករណីគ្រឿងញៀន ក្នុងមូលដ្ឋាន។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា ​នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង នៅចំណុចក្រោមស្ពានអា​កាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកលុយ និងទូរស័ព្ទ) ប្រព្រឹត្តនៅចំណុចជិតបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ក្រុមទី៥២ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យ​ឈ្មោះ ចាន់ សុផានិត ហៅ​ខ្និត អាយុ​១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ជនរងគ្រោះ​ឈ្មោះ ហួន ចែម ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបរ​ព្រូឡានក្រុមហ៊ុនឡានរិទ្ធមុន្នី ស្នាក់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃ ស្រុកបរសែត ខេត្តកំពង់ស្ពឺ​។ សម្ភារ​បាត់បង់រួមមាន លុយខ្មែរ៣០០,០០០​រៀល, ទូរស័ព្ទចំនួន០១គ្រឿងម៉ាក L​G ពណ៌ស គ្មានស៊ីម (ទើបទិញ)។

ដោយឡែក នៅវេលាម៉ោង១១៖០០នាទីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទលួច (លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៥ ផ្លូវលេខ២៣៧ក្រុមទី៣១ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក​។ ជនសង្ស័យ ឈ្មោះ ចាន់ វណ្ណៈ ហៅ​កាក់ អាយុ​១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិផ្អេរ សង្កាត់ទំនុបទឹក ខណ្ឌចំការមន​។

វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាក TODAY ពណ៌​ខៀវ ពាក់ផ្លាកលេខភ្នំពេញ​1DB-3717 (ជារបស់ជនរងគ្រោះ) ដោយមានការរឯកភាពពី ព្រះរាជអជ្ញារងបានប្រគល់ជូនជនរងគ្រោះបណ្តោះអាសន្ន។ ជនរងគ្រោះ​ ឈ្មោះ កន រ៉ាវីត ភេទប្រុស អាយុ​១៦ឆ្នាំ មុខរបរ​ជាងជួសជុលរថយន្ត។

បើតាមរបាយការណ៍ដដែលនេះ ​នៅវេលាម៉ោង០៤៖៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹក​ល្អក់ទី៣ បានធ្វើការឃាត់​ខ្លួន​ជនសង្ស័យម្នាក់ ពីបទ​លួច (លួចម៉ូតូ​) ឃាត់​ខ្លួននៅចំណុចស្ថានីយ៍ចាក់ប្រេងសាំងកាល់តិច ផ្លូវម៉ៅ​សេទុង ក្រុមទី០៦ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល​លេខ២៨ ផ្លូវ​លេខ២៣៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យ​ឈ្មោះ ងំ កាលីម ហៅ​កាលីម ​អាយុ២២ឆ្នាំ មុខរបរ​ពុំពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​។ វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki Smash ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​តាកែវ​1A-2973។ ជនរងគ្រោះ​ឈ្មោះ អ៊ុក បូរិន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ​រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលលេខ២៨ ផ្លូវលេខ៣២៤ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ដោយឡែកករណីគ្រឿងញៀនវិញ ​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានល្បាតការពារសុវត្ថិភាព​នៅក្នុងមូលដ្ឋាន បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៣ ផ្លូវ​លេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យ​ឈ្មោះ តេង សុត្រា ហៅ​ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ​មុខរបរ​រត់ម៉ូតូកង់បី ស្នាក់​នៅផ្ទះលេខ២១A ផ្លូវ លេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ វត្ថុតាងចាប់យករួមមាន ​ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) មួយកញ្ចប់តូច​, ទូរស័ព្ទដៃ០១គ្រឿងម៉ាក Nokia ស៊េរី១០៥ ពណ៌ខៀវ និងម៉ូតូកង់បី (Pass​App) ចំនួន០១គ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខ​ភ្នំពេញ​1HE-1070​។

ក្រោយឃាត់ខ្លូនជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕​