(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចាប់ផ្តើមផ្ទុះកំហឹងដាក់គ្នាយ៉ាងខ្លាំងក្លា បន្ទាប់ពីមានសន្និសីទមួយ នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក ដើម្បីផ្តល់អំណាចឡើងវិញដល់លោក សម រង្ស៉ី ធ្វើជាមេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ។

សន្និសីទនេះរៀបចំដោយអតីតថ្នាក់ដឹកនាំ និងសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនស្និទ្ធនឹងលោក សម រង្ស៉ី ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី០១ និង០២ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែល លោក កឹម សុខា និងបក្ខពួករបស់លោក ប្រកាសជំហរមិនគាំទ្រ​ និងមិនទទួលស្គាល់ចំពោះសន្និសីទនេះឡើយ។

ក្រុមសមាជិកអតីតគណបក្សសង្រ្គោះជាតិមួយចំនួន នៅសហរដ្ឋអាមេរិក ក្នុងនោះមានទាំងកូនស្រីរបស់ លោក កឹម សុខា ផងដែរ បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍មួយគាំទ្រដល់គោលជំហររបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងនេះ ដែលមិនទទួលស្គាល់ សន្និសីទនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដែលរៀបចំដោយក្រុមរបស់លោក សម រង្ស៉ី នេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមអ្នកគាំទ្រលោក កឹម សុខា បានចាត់ទុកថា ការរៀបចំសន្និសីទ នៅទីក្រុងអាត្លង់តា ថ្ងៃទី០១-០២ ខែធ្នូនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា អ្នកគាំទ្រ និងថ្នាក់ដឹកនាំមួយចំនួន ដែលជាអតីតមកពីគណបក្ស សម រង្ស៉ី បានចាកចេញ និងបោះបង់ចោលគណបក្សសង្រ្គោះជាតិ ដោយចំហរដើម្បីទៅចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ លោក សម រង្ស៉ី។

ឆ្លើយតបនឹងការរិះគន់ទាំងនោះ ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី បានចាប់ផ្តើមវាយប្រហារក្រុមរបស់លោក កឹម សុខា វិញម្តង ដោយក្នុងនោះក៏មានការរិះគន់ចំៗចំពោះ កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា ថាមានចរិត ឆ្មើងឆ្មៃ ប្រមាថមើលងាយចំពោះលោក សម រង្ស៉ី ដែលជាមេដឹកនាំរបស់ពួកគេ។

ទន្ទឹមនឹងការរិះគន់ត្រឡប់ទៅកាន់ក្រុមរបស់លោក កឹម សុខា នោះ សកម្មជនក្រុមប្រឆាំងខ្លះទៀត ក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវជំហររបស់ពួកគេ ដោយគាំទ្រដល់សន្និសីទនៅសហរដ្ឋអាមេរិក ដែលរៀបចំដោយក្រុមរបស់ លោក សម រង្ស៉ី។ ពួកគេបានប្រើប្រាស់នូវខ្លឹមសារធ្ងន់ៗថា សម្រាប់ក្រុមប្រឆាំង គឺអាចអត់លោក កឹម សុខា បាន ប៉ុន្តែមិនអាចអត់លោក សម រង្ស៉ី បាននោះទេ។ ជាមួយគ្នានេះ ពួកគេក៏រិះគន់ទៀតថា កន្លងទៅការដែល លោក កឹម សុខា មានប្រជាប្រិយនេះ ក៏ព្រោះតែលោក សម រង្ស៉ី ផ្តល់ឱកាសឱ្យប៉ុណ្ណោះ ដោយចំអកប្រដូចនឹងន័យធៀបមួយថា «លោក កឹម សុខា និងក្រុមគ្រួសារ ខ្ចីផ្ទះគេស្នាក់នៅហើយ ចង់ធ្វើប្លង់ស៊ីដាច់ផ្ទះគេថែមទៀត»។

ជាមួយនោះក្រុមដែលគាំទ្រលោក សម រង្ស៊ី បានសរសេរវាយចំៗលើលោក​ កឹម​ សុខា តែម្តងថា «សន្និសីទមិនទាន់ចេញលទ្ធផលយ៉ាងណាផង ហេតុអ្វីក៏ប្រញាប់បដិសេធម្លេះ ? ឬក៏ក្នុងចិត្តលោក កឹម សុខា គិតថាបណ្តាអ្នកដទៃ គ្មានតម្លៃស្អីបន្តិចឬ ?»