(ភ្នំពេញ)៖ ប្រទីបនេះបានរំលេចឲ្យឃើញនូវមោទនភាពជាតិ​ រួមនឹងវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ខាងក្រោមជាការរៀបរាប់បង្ហាញពីន័យខ្លឹមសារប្រទីបថ្មីនេះ៖

ប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា រំលេច​ជារូបភាព «នាវាកម្ពុជា» ដែល​ជា​នាគរាជ​ដ៏អង់​អាច និង​ប្រកបដោយ​​ការ​​តុប​តែង​​លំអ​​យ៉ាង​រស់រវើក ជានិមិត្ត​រូប​នៃភាព​ត្រជាក់ត្រជុំ ជា​ស្ពាន​ចម្លង​ពីឋាន​មនុស្ស​ និងឋាន​ទេវតា និង​ជានិមិត្ត​រូប​នៃការការពារ​និងថែរក្សាសម្បតិ្ត​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ ហើយនៅលើ «នាវាកម្ពុជា» មាន​ទង់នៃព្រះរាជាណាចក្រកម្ពុជាដ៏ធំមួយ និងអណ្តែតលើភ្លើងពណ៌ខៀវតំណាង​ដល់មហា​សមុទ្រ។

នៅខាងលើ «នាវាកម្ពុជា» មានរំលេចរូបរចនាតំណាងដល់ប្រាង្គប្រាសាទអង្គរវត្ត ព្រះ​បរមរាជវាំង វិមាន​ឯករាជ្យ វិមានរដ្ឋសភា វិមានសន្តិភាព វិមានឈ្នះ-ឈ្នះ និង​វិមាន​អនុស្សាវរីយ៍​រណសិរ្ស​២ធ្នូ ដែល​​ជា​តំណាង​​​ដល់​​ភាព​​ជោគជ័យរុងរឿង និងអភិវឌ្ឍន៍​លើខឿន​វប្បធម៌ អរិយធម៌ និង​ប្រវត្តិសាស្រ្ត ដ៏​រឹង​​មាំនៃ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ក្នុង​ន័យ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លើក​តម្កើង​ស្មារតី​ស្ម័គ្រ​ចិត្ត ភាព​​ជា​គម្រូ និង​ការ​​បន្ត​វេន​​​នៃ​យុវជន​កម្ពុជា គឺ «យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ» ក្នុង​ការ​ថែរក្សា​សមិទ្ធិផល​​ដែ​ល​​​បាន​​កសាង​​​កន្លង​​មក​​ប្រកប​​មោទនភាព និង​បន្ត​អភិវឌ្ឍជាតិ​កម្ពុជា​មួយ ដែល​ជាអនាគត​រួមគ្នា និង​ជោគ​វាសនារួមគ្នា។

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដ៏ធំ លាតសន្ធឹងនៅលើ «នាវាកម្ពុជា» ជាតំណាង​ដល់​មហា​សាមគ្គី​នៃ​យុវជន និង​ប្រជាជាតិ​កម្ពុជា​ក្នុង​ការ​រួមគ្នា​ជួយ​ដល់​ប្រទេស​ជាតិ​អោយ​មាន​ការ​រីក​ចម្រើន​ទៅមុខ​ ជាមួយ​​​នឹង​ការ​ដាក់​ឧត្តម​ប្រយោជន៍​ជាតិ​ជាធំ។ រំលេច​ជាមួយ​ពាក្យ «យើងជឿជាក់​លើ​ព្រះរាជា​​ណាចក្រ​​​​​កម្ពុជា» ជាកត្តា​បញ្ជាក់​ថា​យុវជន​ជាសមាជិក សមាជិកា នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្តេជ្ញា​​​ចូល​រួម​​​ជម្រុញ «នាវាកម្ពុជា» ឲ្យឆ្ពោះទៅមុខដោយស្មារតី នៃការ​ជឿជាក់​លើព្រះរាជាណាចក្រ​កម្ពុជា។

ឆ្នាំ១៩៥៣ – ២០១៨​ ជាតំណាងដល់ការអបអរសាទរនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជា​ណាចក្រ​​កម្ពុជាគំរប់ខួបលើកទី៦៥ឆ្នាំ។

គួររំលឹកផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែល​បាន​​បន្ត​​បេសកកម្ម​​ពីសមាគម​យុវជន​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា និង​សមាគម​យុវជន​កម្ពុជា ដែល​បាន​​​បដិសន្ធិ​​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុង​គោល​ដៅ​សំខាន់​បំផុត​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​គ្រប់​ទិសទី ​ជា​​មហា​​កម្លាំង​​សាមគ្គី ក្នុង​ការ​រួម​ចំណែក​កសាង​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕