(តេហេរ៉ង់)៖ មិនអាចអង្គុយរង់ចាំគ្រោះធ្លាក់មកដល់នោះឡើយ ដោយរដ្ឋាភិបាលអ៊ីរ៉ង់​បានសម្រេចបង្កើតការិយាល័យ ឬបន្ទប់​ថ្មីមួយ ដែលមានតួនាទីប្រឹក្សាស្វែងរក​វិធីដោះស្រាយ​បញ្ហា ចំពោះទណ្ឌកម្មដ៏មហិមា ដាក់ចេញដោយ​សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងនោះមានទាំងមកពីក្រសួងសេដ្ឋកិច្ច និងមន្ត្រីបម្រើការ​ក្នុងវិស័យធនាគារជាច្រើនទៀត បានជួបប្រជុំគ្នាក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីបង្កើតឡើង​នូវ «​បន្ទប់ចាត់ចែង និងប្រឆាំងទណ្ឌកម្ម» មានតួនាទីរិះរកមធ្យោយទាំងថ្នាក់ជាតិ និងអន្តរជាតិ​ ដើម្បីទប់ទល់នឹងទណ្ឌកម្មអាមេរិក។

បន្ទាប់ចាត់ចែង និងប្រឆាំងទណ្ឌកម្មខាងលើនេះ គឺជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចអ៊ីរ៉ង់ ដោយ​មានតួនាទីអង្កេតមើលផងដែរនូវដំណោះស្រាយនានា ដោយសហរដ្ឋអាមេរិក​មកលើ​វិស័យធនាគារអ៊ីរ៉ង់ ហើយបន្ទប់នេះនឹងពង្រឹងវិស័យធនាគាររបស់អ៊ីរ៉ង់ ដែលជាមុខព្រួញនៃ​ទណ្ឌកម្ម​អាមេរិកទើបដាក់ចេញ កាលពីពេលថ្មីៗ​កន្លងទៅនេះ។

គួរបញ្ជាក់ថា អ៊ីរ៉ង់​នៅតែ​បង្ហាញ​ភាពជឿជាក់ខ្ពស់ថា ខ្លួននៅតែអាច​ទប់ទល់​នឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក​​ក្នុងរដ្ឋបាល​លោក ដូណាល់ ត្រាំ បានដាក់មកលើអ៊ីរ៉ង់ឡើងវិញ ក្រោយអាមេរិក​ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែលអតីតរដ្ឋបាល​​លោក បារ៉ាក់ អូបាម៉ា បានរួមគ្នា​បង្កើតឡើង​ ជាមួយបណ្តាមហាអំណាចធំៗ​កាលពី​ឆ្នាំ២០១៥៕