(ហ្សឺណែវ-ស្វីស)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី២ បណ្តាប្រទេសភាគីហត្ថលេខី នៃអនុសញ្ញាមីណាម៉ាតាស្តីពីបារត លោក អ៊ាង សុផល្លែត រួមជាមួយលោកឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ និងសហការីបានបន្តជួបពិភាក្សាការងារដោយឡែក ជាមួយលោក Anil Bruce Sookdeo អ្នកជំនាញជាន់ខ្ពស់ផ្នែកបរិស្ថាន នៃមូលនិធិបរិស្ថានសាកល (Global Environmental Facility-GEF) និងលោក Ludovic Bernaudat មន្ត្រីទទួលបន្ទុកកម្មវិធីសារធាតុគីមី និងសុខភាព របស់កម្មវិធីបរិស្ថានសហប្រជាជាតិ (United Nations Environmental Program-UNEP)។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើនីតីវិធី នៃការពន្លឿនដំណើរការស្នើសុំការគាំទ្រថវិកាអនុវត្តគម្រោង និង/ឬកម្មវិធីពីមូលនីធិបរិស្ថានសាកល។ នេះជាការពិភាក្សាលើនីតិវិធីលំអិតបន្ថែម ដើម្បីឆ្លើយតបតាមសំណូមពរ ដែលកម្ពុជាបានលើកជាសំណើ តាមរយៈសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំពេញអង្គកន្លងទៅ។

ក្រោយពីបានស្តាប់នូវសំណូមពរ ដើម្បីបង្កភាពងាយស្រួលចំពោះដាក់គម្រោងសំណើ ជាមួយនឹងការបញ្ជាក់សាជាថ្មីពីជំហរ របស់កម្ពុជា ក្នុងការចូលរួមអនុវត្តអនុសញ្ញាមីណាម៉ាតាស្តីពីបារត លោក Anil Bruce Sookdeo បានឯកភាពទទួលយកនូវសំណើនេះ និងបានផ្តល់យោបល់ឲ្យកម្ពុជា រៀបចំគម្រោងសំណើរចំនួន២គឺ៖

*ទី១៖ គួររៀបចំគម្រោងសំណើស្តីពីការគ្រប់គ្រងសារធាតុគីមី (Chemical management) និងសូមដាក់ជូនត្រង់ទៅមូលនិធិបរិស្ថានសាកល (Global Environmental Facility-GEF) និងកម្មវិធីបរិស្ថានសហប្រជាជាតិ (United Nations Environmental Program -UNEP)។ ដើម្បីជួយជំរុញការរៀបចំនេះ លោក Ludovic នឹងផ្តល់ជូននូវគំរូ នៃទម្រង់បែបបទដែលត្រូវរៀបចំជាសំណើ ក្នុងសប្តាហ៍នេះ។

*ទី២៖ គឺកម្ពុជាបានស្នើរៀបចំជាគម្រោងស្តីពីការគ្រប់គ្រងសារធាតុ ឬសំណល់គ្រោះថ្នាក់ (Hazadous waste/ substence management) ដោយប្រើប្រាស់ថវិកាតាមយន្តការ Stockholm Convention។ ចំពោះសំណើនេះ គឺភាគីទាំង២ បានឯកភាពធ្វើការរៀបចំឱ្យបានស្របពេលជាមួយគ្នា នឹងគម្រោងទី១។

លោក អ៊ាង សុផល្លែត បានឯកភាពទទួលយកនូវការជូនយោបល់សម្រាប់ការកសាងគម្រោងទី១ និងទី២ ខាងលើ និងបានសម្តែងនូវអំណរគុណ ចំពោះការជួយជំរុញការងាររៀបចំបែបបទឯកសារ ដោយបានបញ្ជាក់ថា ការគ្រប់គ្រងសារធាតុគីមី និងការគ្រប់គ្រងសារធាតុបារត ក៏ដូចជាកាកសំណល់បារត គឺជាកត្តាសំខាន់ និងចាំបាច់ ដោយសារតែការសាយភាយកាកសំណល់នៃសារធាតុនេះទៅក្នុងទឹក ដី និងបរិយាកាស កំពុងតែក្លាយជាបញ្ហាប្រឈមចំពោះសុខភាពមនុស្ស ជាពិសេសគឺស្ត្រីមានផ្ទៃពោះ និងកុមារ។

ជាការឆ្លើយតប លោក Anil និងលោក Ludovic បានឯកភាពនូវការលើកឡើងខាងលើ និងបានស្នើសុំឲ្យកម្ពុជារៀបចំ និងបញ្ចប់គម្រោងទាំង២ ដើម្បីដាក់ពិភាក្សាក្នុងបេសកកម្មរបស់លោក Ludovic Bernaudat ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ៕