(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត​ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង។

ក្នុងព្រះរាជពិធីបុណ្យទូកនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់រាជវង្សានុវង្ស ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស យ៉ាងច្រើនកុះករ។

សូមជម្រាបថា ការប្រណាំងទូកថ្ងៃនេះ គូប្រកួតចំនួន១៤៨គូ តម្រូវឱ្យប្រកួតទាំងអស់តែម្តង ដោយ១ថ្ងៃ ត្រូវអុំប្រណាំង២ជើង ហើយឆ្នាំនេះមានទូកចំនួន២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦៕

ព្រះរាជពិធីបុណ្យនេះ តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ សម្រាប់ឆ្នាំ២០១៨ ព្រះរាជពិធីបុណ្យជាតិនេះ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា។

អំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យនេះ ក៏មានពិធី២ទៀតក្នុងនោះដែរ គឺពិធីប្រណាំង​ទូក និងពិធីបុណ្យអកអំបុក សំពះព្រះខែ។ ពិធីប្រណាំង​ទូក មាន​រយៈពេល៣​ថ្ងៃ​តែម្តង ដែលពេលយប់មានការ​បណ្តែតប្រទីប​ផងដែរ​ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២តែប៉ុណ្ណោះ គឺនៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​៕