(ភ្នំពេញ​)៖ ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ សហការជាមួយក្រសួងសុខាភិបាល​ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ​, មន្ទីរអប់រំ​ យុវជន​ និងកីឡា​ និងមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​រាជធានីភ្នំពេញ និងស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) បានបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន​ ជូនដល់ប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរាជធានីភ្នំពេញ​។

លោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្នុងឱកាសព្រះរាជពិធីបុណ្យដ៏មហោឡារឹកនេះ​ឆ្នាំ២០១៨ បានផ្តោតលើប្រធានបទ​ «ទាំងអស់គ្នាដើម្បីការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍» ក្នុងន័យនេះរាជរដ្ឋាភិបាលបានគាំទ្រ លើកទឹកចិត្ត និងជម្រុញដល់ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍​បង្ហាញពី ឆន្ទះ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ និងកម្មវិធីកាត់បន្ថយគ្រោះថ្នាក់​ គោរពសិទ្ធិមនុស្ស។

ជាមួយគ្នានេះដែរ​ លោក​ លឹម​ តុងហួត​ បានបន្ថែមថា​ ការព្យាបាលអ្នកញៀនគ្រឿងញៀន មានភាពស្មុគ្រស្មាញដែលទាមទារឱ្យមានការចូលរួមពហុវិស័យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល ស្ថាប័នអនុវត្តច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាល ខិតខំរួមគ្នា និងសហការគ្នាយ៉ាងជិតស្និទ្ធចាំបាច់ ដែលមិនអាចខ្វះបានក្នុងការងារព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ទន្ទឹមនឹងនេះមន្រ្តីអនុវត្តច្បាប់មានតួនាទីយ៉ាងសំខាន់ក្នុង​ការបញ្ជូនអ្នកញៀនគ្រឿងញៀន ទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព​ «មន្រ្តីអនុវត្តច្បាប់ម្នាក់ជាអ្នកផ្តល់ប្រឹក្សាម្នាក់ ក្នុងការជួយព្យាបាលអ្នកញៀនគ្រឿងញៀនក្នុងសហគមន៍» ធ្វើឱ្យភូមិឃុំ សង្កាត់​ មានសុវត្ថិភាព។

សូមបញ្ជាក់ថា​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួង​ ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន​ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនរយ:ការដើរជាក្បួនមហាជន​ត្រើយខាងលិចទន្លេសាបចតុមុខ និងការប្រគំតន្រ្តី​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ទស្សនាការតាំងពិព័ណ​រូបភាពអប់រំ​ សម្តែងរឿងអប់រំខ្លី ចែកខិត្តបណ្ណ័​ ឆ្លើយសំណួរ​យករង្វាន់ជាអាវយឺត​ ឆត្រ័​ សាប៊ូ​ ប៊ិច​ សៀវភៅ​ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំពេញ​រយះពេលបីថ្ងៃពេញ​ ២១-២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ចាប់ពីម៉ោង១១ថ្ងៃត្រង់តទៅ៕