(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសឱ្យម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពី «ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្ន» នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ (KOS-EX18) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

លោករដ្ឋមន្រ្តី បានថ្លែងថា «ការធ្វើសមយុទ្ធនេះ គឺសំដៅធ្វើការហ្វឹកហ្វឺនសាកល្បងដល់អាជ្ញាធរដែនដី និងភ្នាក់ការពាក់ព័ន្ធនានា​ ដើម្បីជាបទពិសោធន៍ ក្នុងការជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយហោះដែលកើតឡើងជាយថាហេតុនៅក្នុង ឬនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ»

នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ខៀវ កាញារីទ្ធ បានបន្ថែមថា នៅក្នុងលំហាត់សមយុទ្ធនេះ នឹងមានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង ​និងផ្សែងខ្មួលខ្មាញ់ ជាសិប្បនិមិ្មត ប្រធានបទនៃការធ្លាក់យន្តហោះក្នុងអាកាសយានដ្ឋាន ព្រមទាំងមានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី ភ្នាក់ងារនានា​ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនានា រថយន្តពន្លត់អគ្គិភ័យនៅជុំវិញខេត្តព្រះសីហនុ។

ការចូលរួមផ្សព្វផ្សាយរបស់បណ្តាញពផ្សព្វផ្សាយនា​នា គឺដើម្បីចៀសវាងនូវការភាន់ច្រឡំពីសាធារណជនទៅទូទាំងប្រទេសកម្ពុជា និងជាពិសេសនៅខេត្តព្រះសីហនុ និងភ្ញៀវជាតិ-អន្តរជាតិ ដែលធ្វើដំណើរកម្សាន្ត និងស្នាក់នៅក្នុងខេត្តព្រះសីហនុ ឱ្យបានជ្រួតជ្រាបកុំឱ្យមានការភិតភ័យ និងចៀសវាងការភាន់ច្រឡំណាមួយដែលនាំឱ្យជនឱកាសនិយមឆ្លៀតឱកាសធ្វើសកម្មភាព ឬផ្សព្វផ្សាយនូវព័ត៌មានមិនពិតបង្កចលាចលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ៕