(កូរ៉េ)៖ លោក​ ឡុង​ ឌីម៉ង់​ ឯកអគ្គរាជទូតកម្ពុជា ប្រចាំាសាធារណរដ្ឋកូរ៉េ បានលើកឡើងពីសារសំខាន់ នៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងកូរ៉េ ចំពេលដែលគោលនយោបាយបើកចំហរទៅទិសខាងត្បូង​ (New Southern Policy) របស់លោកប្រធានាធិបតី មូន​ ជែអ៉ីន គូសវាសចំពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) បាននិងកំពុងតែចាប់ផ្តើមពង្រឹងខ្លួន។

លោកថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្មនិងវិនិយោគ រវាងកូរ៉េនិងអាស៊ាន និយាយដោយឡែកជាមួយកម្ពុជា គួរបានជំរុញនិងផ្ដល់អនុគ្រោះជាអតិបរមា។

ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ បានធ្វឡើងនៅក្នុងជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភាជាតិកូរ៉េថ្មីលោក Moon Hee-sang​ នៅមន្ទីររដ្ឋសភាជាតិកូរ៉េ​ នាល្ងាចថ្ងៃទី២០​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨​។

នៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័ននីតិបញ្ញត្តិកូរ៉េខាងត្បូង លោក​ ឡុង​ ឌីម៉ង់​ បានលើកឡើងបន្ថែមទៀតថា​ អាស៊ាន ជាពិសេសកម្ពុជា មានពលរដ្ឋជាច្រើនម៉ឺននាក់ បាននិងកំពុងរស់នៅធ្វើការនៅកូរ៉េ ដែលទាំងអស់នេះ នឹងក្លាយជាកម្លាំងចលករដ៏សកម្ម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ហើយក៏ជាគោលការណ៍នៃ Public Diplomacy ដែលនឹងធ្វើឲ្យទំនាក់ទំនងវប្បធម៌របស់ប្រទេសទាំងពីរ កាន់តែយល់គ្នានិងរឹងមាំ។

ជាការឆ្លើយតប លោកប្រធានរដ្ឋសភាកូរ៉េ ក៏បានសន្យានាំសំណូមពរ ក៏ដូចជា ទស្សនវិស័យរបស់បណ្តាទូតអាស៊ាន យកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងជំរុញឲ្យគោលនយោបាយនេះ នឹងត្រូវបានអនុវត្តឡើង ដើម្បីការរីកចម្រើនប្រកបសុខដុមនីយកម្ម សម្រាប់តំបន់ទាំង២៕