(ភ្នំពេញ)៖ កាំជ្រួចជិត៩ពាន់គ្រាប់ នឹងត្រូវបានបាញ់ក្នុងពេលរាត្រី ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ។ នេះបើយោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកានេះ។

របាយការណ៍ដដែល បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យជាតិនេះ កាំជ្រួចដែលនឹងត្រូវបានបាញ់ ដើម្បីអបអរសាទរ មានចំនួន៨.៧៨០គ្រាប់ ក្នុងនោះ មានកាំជ្រួចទំហំធំ២.៤៥០គ្រាប់, ទំហំកណ្តាល៣.៧០០គ្រាប់ និងទំហំតូច២.៦៣០គ្រាប់។

គួរកត់សម្គាល់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គេតែងតែសង្កេតឃើញប្រជាពលរដ្ឋ បានចូលទស្សនារាជធានីភ្នំពេញ យ៉ាងច្រើនកកកុញ។ គេសង្កេតឃើញទៀតថា ពេលថ្ងៃប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ទិញទំនិញតាមស្តង់នានា និងទស្សនាការប្រណាំងទូក ដែលត្រូវបានធ្វើឡើងនៅទន្លេសាប រហូតដល់ពេលយប់ ប្រជាពលរដ្ឋនឹងបានទស្សនាការបាញ់កាំជ្រួចដ៏អស្ចារ្យ ដើម្បីបង្កបរិយាកាសនៃព្រះរាជពិធី ឲ្យកាន់តែអធិកអធម។

សូមជម្រាបដែរថា ព្រះរាជពិធីបុណ្យនេះ តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប។ សម្រាប់ឆ្នាំ២០១៨ ព្រះរាជពិធីបុណ្យជាតិនេះ ត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា។

អំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យនេះ ក៏មានពិធី២ទៀតក្នុងនោះដែរ គឺពិធីប្រណាំង​ទូក និងពិធីបុណ្យអកអំបុក សំពះព្រះខែ។ ពិធីប្រណាំង​ទូក មាន​រយៈពេល៣​ថ្ងៃ​តែម្តង ដែលពេលយប់មានការ​បណ្តែតប្រទីប​ផងដែរ​ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២តែប៉ុណ្ណោះ គឺនៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​៕