(ព្រះវិហារ)៖ កង់ត្រាក់ទ័រមួយគ្រឿង បានរងការខូចខាត ចំណែកអ្នកបើកបររងរបួស ក្នុងករណីភ្ជួរដីប៉ះចំមីនតោនបណ្តាលឲ្យផ្ទុះកក្រើកឡើង កាលពីវេលាម៉ោង១១៖០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចព្រៃទទឹង ខាងលិចវត្តជីអោកចំងាយមួយគីឡូម៉ែត្រ ក្នុងភូមិជីអោក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងបើកអាត្រាក់ភ្ជួរដី ស្របពេលកំពុងភ្ជួរនោះប្រហែលជាផាលមុតជ្រៅទៅក្នុងដី ទើបបណ្តាលឲ្យប៉ះគ្រាប់មីនតោនផ្ទុះឡើងយ៉ាងកក្រើក បណ្តាលឲ្យកង់អាត្រាក់រងការខូចខាត ខ្ទាតចេញ ដោយឡែក អ្នកបើកបររងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ។

លោកអធិការស្រុក បានឲ្យដឹងទៀតថា ជនរងគ្រោះជាម្ចាស់អាត្រាក់មានឈ្មោះ វីក សាលីម អាយុ៥៥ឆ្នាំ រស់នៅភូមិរណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពុងធំ។ លោកបន្តទៀតថា ដីដែលផ្ទុះមីននេះ គឺធ្លាប់ភ្ជួរជារៀងរាល់ឆ្នាំ ហើយក៏ធ្លាប់ផ្ទុះម្តងរួចមកហើយ កាលពីឆ្នាំមុន សរុបទាំងលើកនេះគឺផ្ទុះចំនួន២ដង។

ចំណែកប្រជាពលរដ្ឋ នៅម្តុំនោះបាននិយាយថា ដីចំណុចផ្ទុះមីននេះ គឺអង្គភាពស៊ីម៉ាក់ មិនដែលបានមកធ្វើការបោសសំអាតបានម្តងណាឡើយ ដែលករណីនេះពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់។ រីឯលោក លាង នីពី ប្រធានក្រុមកំចាត់មីនខេត្តព្រះវិហារ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ទៅថ្នាក់លើ ដើម្បីសុំថ្នាក់លើចូលបោសសំអាតមីននៅទីនោះ ជូនប្រជាពលរដ្ឋនៅរដូវប្រាំងនេះ៕