(អ៉ីស្ដង់ប៊ូល)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ ដែលសិក្សានៅទីក្រុងអ៉ីស្ដង់ប៊ូល នៃប្រទេសតួកគី នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នេះថា កម្ពុជា និងតួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ ដើម្បីគាំពារវិនិយោគ និងកិច្ចព្រមព្រៀងលើវិស័យមួយចំនួនទៀត ព្រមទាំំងឈានទៅដល់កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះយើង (កម្ពុជា-តួកគី) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង៨ ក្នុងនោះមានកិច្ចព្រមព្រៀងទាក់ទងទៅនឹងការគាំទ្រវិនិយោគ ដែលជាកិច្ចព្រមព្រៀងមួយដ៏សំខាន់ ដែលអាចទាញវិនិយោគិនតួកគីទៅវិនិយោគនៅកម្ពុជា»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបប្រាប់ប្រធានរដ្ឋសភាតួកគី ក៏ដូចជាធុរជនរបស់តួកគី កាលពីថ្ងៃម្សិលមិញផងដែរថា បន្ទាប់ពីកិច្ចព្រមព្រៀងគាំពារវិនិយោគទៅវិញទៅមកហើយ កម្ពុជា-តួកគី ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើការមិនយកពន្ធត្រួតគ្នា ដើម្បីបើកឱកាសឱ្យអ្នកវិនិយោគទាំងសង្ខាង ទទួលភាពងាយស្រួលជុំវិញការវិនិយោគពីប្រទេសតួកគីមកកាន់ប្រទេសកម្ពុជា។

លើសពីនេះ កម្ពុជា និងតួកគី ក៏នឹងចុះកិច្ចព្រមព្រៀងលើវិស័យមួយចំនួនទៀត ដូចជា កិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យអប់រំ វិស័យកីឡា វិស័យវប្បធម៌ និងវិស័យដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បើទោះបីជាអ្នកវិនិយោគកម្ពុជាមានលទ្ធភាពតិចតួច ក្នុងការទៅវិនិយោគនៅប្រទេសតួកគីក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែចាប់ដៃយ៉ាងជិតស្និទ្ធ ជាមួយតួកគី ទាំងទំនាក់ទំនងកាទូត កិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ និងវិស័យសំខាន់ៗជាច្រើនទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងបន្តថា តួកគីជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់លំដាប់ទី១៧ លើពិភពលោក ហើយក៏ជាដៃគូពិភាក្សាជាមួយអាស៊ានផងដែរ ដូច្នេះការជំរុញទំនាក់ទំនងជាមួយតួកគី គឺជារឿងចំបាច់សម្រាប់ប្រទេសកម្ពុជា ហើយគោលដៅពង្រឹងខាងផ្នែកនយោបាយ និងទំនាក់ទំនងដទៃទៀតជាមួយតួកគីជារឿងដ៏សំខាន់៕