(តួកគី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាល់ស្ថានទូតនៅក្រៅប្រទេសទាំងអស់ ប្រៀបដូចជាទ្រព្យសម្បត្តិរបស់កម្ពុជា នៅក្រៅប្រទេសផងដែរ ដូច្នេះហើយទើបកម្ពុជា សម្រេចទិញដីសម្រាប់បង្កើតស្ថានទូតនៅទីក្រុង អង់ការ៉ា ប្រទេសតួកគី ឆ្នាំ២០១៩ខាងមុខនេះ។

ប្រមុខដឹកនាំកំពូលរបស់កម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅប្រទេសតួកគី នៅទីក្រុងអ៉ីស្តានប៊ុល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ។

បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី គឺជាការវិវឌ្ឍជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងរវាងកម្ពុជា និងតួកគី ក្រោយបើកភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៤ ដែលមានរយៈពេល២៤ឆ្នាំហើយនោះ។

នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះក្មួយៗ យើងជួបគ្នានៅប្រទេសតួកគី អាចចាត់ទុកថា នេះជាប្រវត្តិដ៏សំខាន់ ដែលទាក់ទងទៅនឹង ដំបូងយើងត្រូវនិយាយថាជាលើកទី១ ដែលមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បែបនេះ។ ក្នុងប្រវត្តិនៃទំនាក់ទំនង បើយើងគិតពីការដាក់ទំនងទំនងការទូត នៅឆ្នាំ១៩៩៤ រហូតមកដល់ពេលនេះ គឺមានរយៈពេល២៤ឆ្នាំ ហើយឆ្នាំក្រោយគឺជាខួបលើកទី២៥ នៃការដាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ឆ្នាំក្រោយនេះជាខួបលើកទី២៥ ហើយក៏ជាការថ្ងៃដែលកម្ពុជាបើកស្ថានទូត នៅអង់ការ៉ាផងដែរ ហើយឥឡូវនេះកម្ពុជាកំពុងពិនិត្យលទ្ធភាព អំពីការទិញយកអាគារ សម្រាប់ការបើកស្ថានទូត។

សម្តេចបានមានប្រសាសន៍ថា មានស្ថានទូតកម្ពុជានៅតាមប្រទេសមួយចំនួន បានប្រើប្រាស់យន្តការបើកស្ថានទូត តាមរយៈការជួលដី ប៉ុន្តែបើកម្ពុជាមានលទ្ធភាពខាងថវិកា ក៏អាចទិញវិញជាការល្អជាង ហើយវាជាការឲ្យសញ្ញាថា បានចាក់ឬសយ៉ាងជ្រៅទៅក្នុងទំនាក់ទំនងទ្វេភាគី។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បន្ថែមថា «យើងមិនត្រូវភ្លេចថា ក្នុងក្របខណ្ឌជួលក៏ដោយ ដីធ្លីរបស់យើងក៏ដោយ ក៏ប៉ុន្តែនោះគេចាត់ទុកដូចជាប្រទេសមួយអញ្ចឹង ដែលសូម្បីតែរដ្ឋដែលជាម្ចាស់ផ្ទះក៏គ្មានសិទ្ធិចូលដោយគ្មានការអនុញ្ញាតនោះទេ។ បើសិនជាយើង...ទិញអាគារដែលមានដី វាក៏ជាទ្រព្យសម្បត្តិរបស់កម្ពុជា នៅឯបរទេស អាចចាត់ទុកថា​វាដូចជាការសន្សំទុនមួយដែរ»៕