(តួកគី)៖ ជាថ្មីម្តងទៀតហើយ បុរសខ្លាំងរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ប្រកាសខ្លាំងៗថា ដរាបណានៅតែមានក្រុមពួកបំផ្លាញជាតិ ដែលបូករួមទាំងក្រុមមនុស្សចង្រៃដូចទណ្ឌិត សម រង្ស៊ី គឺសម្តេចតេជោ នៅតែបន្តដឹកនាំនាវាកម្ពុជា រក្សាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ មិនអនុញ្ញាតឲ្យក្រុមបំផ្លាញជាតិទាំងនោះ សម្រេចនូវមហិច្ឆតារបស់ពួកគេឡើយ។

ការប្រកាសខ្លាំងៗរបស់សម្តចតេជោយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមនិស្សិតរបស់កម្ពុជា ដែលកំពុងសិក្សានៅប្រទេសតួកគី នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពូនៅប្តូរផ្តាច់ជាមួយហ្នឹងអាមួយនេះ គឺអត់ចោលទេហ្អែង ដរាបណាអាហ្នឹងនៅតែមានមហិច្ឆតាចង់កាន់អំណាច ពូនៅតែបន្តដឹកនាំ ប្រទេស...អ្វីក៏គេអាចធ្វើទៅកើតដែរ រាប់ទាំងហៅឲ្យអាមេរិកបាញ់មីសស៊ីល ចូលក្នុងប្រទេសហៅបរទេសមកឈ្លានពានកម្ពុជាទៀត កោតហ៊ានធ្វើទៅរួច»។

សម្តេចតេជោបញ្ជាល់ទៀតថា មូលហេតុដែលសម្តេចត្រូវបន្តដឹកនាំរាជរដ្ឋាភិបាលទៅមុខទៀតនេះ ដោយសារតែក្រុមអតីតបក្សប្រឆាំង ដែលសម្តេចសំដៅក្រុមអតីតគណបក្ស សង្គ្រោះជាតិ ហើយសម្តេចចាត់ទុកជាក្រុមមនុស្សចង្រៃនោះ នៅតែមានចេតនាបំផ្លាញជាតិកម្ពុជា។ សម្តេចថ្លែងថា សម្តេចមិនត្រឹមតែទប់ទល់មិនឲ្យក្រុមដែលមានមហិច្ឆតាបំផ្លិចបំផ្លាញជាតិនោះទេ គឺនាំប្រទេសកម្ពុជាឲ្យក្លាយ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌិត សម រង្ស៊ី វាយប្រហារមិនលើកលែង សូម្បីតែកូនៗសម្តេច។ ឆ្លើយតបនឹងទង្វើជូរជាតិរបស់ទណ្ឌិត សម រង្ស៊ី នេះ សម្តេចតេជោ បានផ្តាំថា ត្រកូលហ៊ុន មិនមែនជាត្រកូលឲ្យទណ្ឌិត សម រង្ស៊ី វាយធ្វើប្រហារនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចវាយប្រហារតែទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែមិនដែលវាយប្រហារកូនៗរបស់គាត់នោះឡើយ។ ផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី វាយប្រហារទាំងសម្តេច និងកូនៗសម្តេចថែមទៀត។ សម្តេចតេជោ ជំរុញឲ្យប្រជាពលរដ្ឋប្រៀបធៀប ពីគុណធម៌របស់មនុស្សនៅត្រង់ចំណុចនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូម្បីតែកូនខ្ញុំវា អត់លើកលែងទេ ត្រកូល ហ៊ុន មិនមែនជាត្រកូលឲ្យហ្អែងវាយទេ ដាច់ក្បាលក៏នៅតែបន្ត ហើយត្រកូលមួយនេះ អត់ចេះរត់ចោលប្រជាជន មានការអីប្រុចៗទេ ត្រកូលមួយនេះ បានរួចចំណែកច្រើន ហើយអ្នកឯងត្រូវដឹងថាត្រកូលមួយនេះ ក៏មានក្រុមបញ្ញាវន្តច្រើនដែរ​ គ្រាន់តែកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅជុំវិញខ្លួនខ្ញុំ មាន១០នាក់ដែរ ដែលជាសាច់បង្កើត។ ឥឡូវយើងគិតមើល វាវាយឪហើយ វាយកូនទៀត គឺអាម្នាក់ហ្នឹង ឯចំពោះខ្ញុំវាយតែអាហ្នឹងទេ ខ្ញុំឆ្លើយតបវាតើស ប៉ុន្តែកូនរបស់គេខ្ញុំសរសើរ ឥឡូវគុណធម៌នៃអ្នកទាំង២ ប្រៀបធៀបទៅ?»។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវជំនឿចិត្តថា គណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះនៅអាណត្តិក្រោយទៀត ដែលនឹងឲ្យសម្តេចអាចបន្តដឹកនាំ ប្រទេសរហូតដល់ឆ្នាំ២០២៨ ដែលយ៉ាងតិច១០ឆ្នាំទៀត ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសកម្ពុជា៕