(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរស់នៅភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែលតវ៉ារឿងផ្ទេរកម្មសិទ្ធិដីស្រែ បានបន្តស្នើឲ្យអភិបាលខេត្ត លោក ម៉ៅ ភិរុណ ពន្លឿននីតិវិធីក្នុងការជួយដោះស្រាយ ចុះហត្ថលេខាលើ លិខិតផ្ទេរសិទ្ធិលក់ដូរដីរបស់ពួកគាត់ ដែលមានទំហំសរុបប្រមាណ១៧ហិកតា។ នេះបើតាមអ្នកតំណាងឲ្យប្រជាពលរដ្ឋទាំង១០គ្រួសារ បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៨នេះ។

ពាក់ព័ន្ធនឹងការតវ៉ា របស់បងប្អូនប្រជាពលរដ្ឋទាំងនេះ កាលពីពេលថ្មីៗនេះ ត្រូវបានលោកអភិបាលស្រុក ក៏ចេញមកបញ្ជាក់អះអាងថា មូលហេតុដែលលោកមិនបានចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិលក់ដូរដីទាំងអស់នេះ ក៏ព្រោះតែជាដីស្ថិត នៅក្នុងអាងទឹករបស់ក្រសួងធនធានទឹក ប៉ុន្ដែប្រជាពលរដ្ឋបានអះអាង ដីរបស់ពួកគាត់ គឺមិនស្ថិតនៅក្នុងអាងទឹក របស់ក្រសួងធនធានទឹកទេ។

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់​ យុត្ថា ធ្លាប់បានបញ្ជាក់ផងដែរថា​ ទីតាំងដីរបស់បងប្អូនប្រជាពលរដ្ឋ ពិតជាស្ថិតនៅក្នុងតំបន់អាងទឹក«​ចាក់ក្អែក» ប៉ុន្ដែអាងទឹក មិនដែលបានជួសជុលនោះឡើយ ហើយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានចេះតែបង្កបង្កើនផល តាំងពីរាប់សិបឆ្នាំមកម្ល៉េះ ពោលស្ទើរតែជាដីកម្មសិទ្ធិផ្ដាច់មុខរបស់ពួកគាត់ទៅហើយ។ ប៉ុន្តែប្រជាពលរដ្ឋរដ្ឋអះអាងថា ទីតាំងដីស្រែប្រាំងរបស់ពួកគាត់មិនមែន ជាតំបន់អាងទឹក «ចាក់ក្អែក» នោះទេ គឺចំណុចកំពីងពួយ ដែលមិនពាក់ព័ន្ធអាងទឹករបស់រដ្ឋឡើយ។

បើទោះបីមានការប្រទាញប្រទុង និងមានការទទូចស្នើសុំពីបងប្អូនប្រជាពលរដ្ឋនោះ លោក ភឹម ភីរ៉ា អភិបាលស្រុកល្វា​ឯម ថ្មីៗនេះក៏មិនបានបោះបង់ចោល ក្នុងការស្វែងរកដំណោះស្រាយ ជូនពលរដ្ឋរបស់ខ្លួនឡើយ ពោលបានធ្វើរបាយការណ៍ជាផ្លូវការ និងលិខិតស្នើសុំដាក់ជូនអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ដើម្បីមានដំណោះស្រាយជាក់ស្ដែង ជូនប្រជាពលរដ្ឋទាំងនេះរួចហើយ។

លោកអភិបាលស្រុកល្វាឯម បានបញ្ជាក់ទៀតថា របាយការណ៍ និងសំណើរដែលលោកដាក់ជូនអភិបាលខេត្តនោះ គឺស្នើសុំគាត់ពិនិត្យមើល និងធ្វើការសម្រេចក៏ដូចជា ការចាត់មន្ដ្រីជំនាញ ចុះមកពិនិត្យផ្ទាល់ជាក់ស្ដែងថា ត្រូវកាត់ជូនប្រជាពលរដ្ឋ ឬយ៉ាងណា? ព្រោះតែបងប្អូនប្រជាពលរដ្ឋទាំងនេះ ពិតជាបានបង្កបង្កើនផលតាំងពីយូរណាស់មកហើយដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋទាំង១០គ្រួសារ ក៏បានសុំអន្ដរាគមន៍ទៅលើលោក ហ៊ុន ម៉ាណែត ឲ្យជួយដោះស្រាយផងដែរ ក្រោយពេលដែលលោក​អភិបាលស្រុក មិនព្រមចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ដែលជាដីស្រែពួកគាត់បានបង្កបង្កើនផល តាំងពីឆ្នាំ១៩៨០មកម្ល៉េះ តែមូលហេតុត្រូវបានលោកអភិបាល អះអាងថា មិនហ៊ានចុះហត្ថលេខានោះឡើយ ព្រោះថាជាដីស្ថិតក្នុងអាងទឹក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។

បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារ សូមទទូចស្នើសុំដល់អភិបាលខេត្តកណ្តាល ជួយពន្លឿនការដោះស្រាយជូនពួកគាត់ផង ដើម្បីអាចធ្វើការលក់ដូរបានដោយមិនមានបញ្ហាអ្វី និងម្យ៉ាងទៀត ដីទាំងនេះ ពួកគាត់បានធ្វើការបង្កបង្កើនផលតាំងពីរាប់ឆ្នាំមកហើយនោះ៕