(ថៃ)៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ រួមជាមួយនិងមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងអាជ្ញាធរដែនដីរបស់ប្រទេសថៃ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំពិធីបុណ្យភ្ជុំបិណ្យជូនដល់ពលករ ពាណិជ្ជករ និស្សិតកម្ពុជាជាង៧ពាន់នាក់ ដែលប្រព្រឹត្តទៅនៅវត្តស៊ីសុដារាម សង្កាត់បាឃុននន្ទ ខណ្ឌបាងកក ប្រទេសថៃ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ ដែល​ជានិច្ច​កាល​បានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់ពលករ ពាណិជ្ជករ និងនិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ជាដារាបរៀងមក។

លោក អុិត​ សំហេង បានថ្លែងអំណរអរព្រះគុណ និងអរគុណគណៈកម្មការវត្ត សមាគមខេមរនិស្សិត​ សមាគមមិត្តភាពកម្ពុជា​ ថៃ អាជ្ញាធរថៃ ដែលបានបង្កលក្ខណៈជូនបងប្អូនខ្មែរ រៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រពៃណី ហើយដែលពិធីបុណ្យនេះ ជាបុណ្យប្រពៃណីខ្មែរដែល តែងតែជួបជុំគ្រួសារធ្វើពិធីដាក់បិណ្ឌ ឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់សុគតិភព។

លោករដ្ឋមន្ត្រីបានបញ្ជាក់ដល់ជាពលករ ពាណិជ្ជករ និងនិសិស្សិតដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ដោយរាជរដ្ឋាភិបាល បានសម្រួលដល់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យបានឈប់បីថ្ងៃបើកប្រាក់ខែមុនពិធីបុណ្យ និងផ្ដល់ឡានក្រុង រថភ្លើង ជិះមិនបង់ប្រាក់ ក្នុងឱកាសទៅលេងស្រុកកំណើតផង។

លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនដល់ពលករ ពាណិជ្ជករ និងនិស្សិតថាបន្តថា បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពភាព តាមរយៈការបោះឆ្នោត ថ្ងៃ ២៩កក្កដា កន្លងទៅ ដោយគណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យ ១០០% ប្រជាជនជាង៨៣%​ បានទៅបោះឆ្នោត។ ថ្ងៃទី៦កញ្ញា រាជរដ្ឋាភិបាល អាណត្តិថ្មីទី៦ បានបង្កើតឡើង ដោយជោគជ័យ ដោយសម្ដេចតេជោ ហ៊ុនសែន បានបន្តជានាយករដ្ឋមន្ត្រី អាណត្តិទី៦ បន្តទៀត ហើយសម្តេចបានដាក់ចេញ កម្មវិធីនយោបាយនានាជាច្រើនដើម្បីការពារ កសាងប្រទេស និងលើកកំពស់ជីវភាពរបស់ប្រជាជន។

រាជរដ្ឋាភិបាលបានបន្តអនុវត្ត គោលនយោបាយ ផ្ដល់ឱកាសជូនបងប្អូន ប្រជាពលរដ្ឋរកការងារដែលពេញចិត្តនៅក្រៅប្រទេស ជាពិសេសបងប្អូនពលករខ្មែរនៅថៃ ដែលបាន រកបានការងារស្របច្បាប់ តស៊ូរកចំណូលផ្ដល់ជូនគ្រួសារ ជាពលរដ្ឋខ្មែរដ៏ឆ្នើមដែលមានទឹកចិត្តស្នេហាជាតិមាតុភូមិ តាមរយៈការងារបងប្អូនបានផ្ញើប្រាក់ គ្រួសារវិញសរុប ប្រមាណជា២ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះក៏បានរួមចំនែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

លោកបានបញ្ជាក់បន្តថា ដើម្បីការពាររក្សាការងារ និងប្រាក់ចំណូលរបស់កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ លើវិសយ័ការងារ និងពលកម្មរវាងប្រទេសទាំងពីរ គឺ ៤ឆ្នាំកន្លងទៅ កម្ពុជា-ថៃបានសម្រេចជោគជ័យ ក្នុងការដោះស្រាយបញ្ហាពលករពិសេស ការផ្ដល់ភាពស្របច្បាប់ជូនបងប្អូនជាងកន្លះលាននាក់ មកទល់ពេលនេះបងប្អូននៅថៃមាន ១លាន ៨ម៉ឺននាក់ សុទ្ធតែស្របច្បាប់ទាំងអស់។

រាជរដ្ឋាភិបាលកម្ពុជា​ បានចាត់តាំងទីប្រឹក្សាទទួលបន្ទុកពលករអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ មន្រ្តីនៃនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រុមហ៊ុនហាយសឹលូសិន ហូលឌីង ខូអិលធីឌី ជាមន្រ្តីបង្គោល​ ដើម្បីចាំសម្របសម្រួល​ និងជួយដល់ពលករក្នុងពេលមានបញ្ហា​ និងតម្រូវការចាំបាច់នានា។ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម បងប្អូនពលករយើងនឹងទទួលបានអត្ថប្រយោជន៍ចំនួន៧រួមមាន៖ ព្យាបាលជំងឺ មាតុភាព ពិការភាព បាត់បង់ជីវិត សោធននិវត្ត ភាពអត់ការងារធ្វើ និងការថែទាំកុមារ​ តែពលករត្រូវបង់វិភាគទាន ៥% នៃប្រាក់ខែ ដើម្បីជូនដល់រដ្ឋាភិបាលថៃ​ ហើយរបបនេះបងប្អូននឹងទទួលបានជារៀងរហូតទោះបីចប់ការងារនៅថៃ​ វិលត្រឡប់ទៅកម្ពុជាវិញក៏ដោយ។

នៅក្នុងឱកាសនេះដែរ លោក អុិត សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ​ ក៏បានអំពាវនាវដល់បងប្អូនរស់នៅ​ និងធ្វើការដោយគោរពច្បាប់ រក្សាសាមគ្គីភាព រវាងខ្មែរ និងខ្មែរ រវាងខ្មែរ និងថៃ រស់នៅក្នុងភាពសប្បាយរីករាយក្នុងសហគមន៍ និងតាមកន្លែងធ្វើការ គិតគូរពីបញ្ហា សុខភាព ជាចម្បង និងឆ្លៀតពេលទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យទាន និងថ្ងៃឈប់ម្រាកផងដែរ។

លោកបានជូនពរដល់បងប្អូនពលករខ្មែរទាំងអស់នៅគ្រប់ទិសទី​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាត់ខ្មែរ​ សូមទទួលបាននូវពុទ្ធពរ​ និងពរជ័យទាំង៥​ ប្រការគឺ​ អាយុ​ វណ្ណះ​ សុខះ​ ពលះ​ និងបដិភាណះ​ កុំបីឃ្លៀងឃ្លាតឡើយ៕