(សេអ៊ូល)៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ឱ្យមកចូល​រួមក្នុង​វេទិកា អន្តរជាតិមួយ​ដែលនឹងត្រូវប្រព្រឹត្ត​ទៅក្នុង​ទីក្រុង វ្ល៉ាឌីវូស្តូក (Vladivostok) ប្រទេសរុស្ស៊ី​នៅខែកញ្ញា​ខាង​មុខនេះ។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​​ព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

សារព័ត៌មានយ៉ុនហាប់ដដែល ដោយដកស្រង់ការចុះផ្សាយ​ពី សារព័ត៌មាន​រុស្ស៊ី RIA Novosti បានឱ្យដឹងទៀតថា ការអញ្ជើញនេះ​ធ្វើឡើងតាមរយៈ​សំបុត្ររបស់ លោក ពូទីន ដែលត្រូវបាន​ប្រគល់ជូន​លោក គីម ដោយរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក ស៊ឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នាឱកាស​បំពេញដំណើរ​ទស្សនកិច្ចក្នុង​ទីក្រុងព្យុងយ៉ាង​ កាលពី​សប្ដាហ៍​មុន។ លើសពីនេះ​ទៅទៀត នៅក្នុងសំបុត្រ​នោះ​ដដែល លោកប្រធានាធិបតី​រុស្ស៊ីក៏បាន​បង្ហាញ​ផងដែរ នូវបំណង​ចង់ឱ្យមានភាព​ជោគជ័យ​ផ្នែកការទូត​ ក្នុងការដោះស្រាយបញ្ហានៅលើ​ឧបទ្វីប​កូរ៉េ។

គួររំលឹកថា ទីភ្នាក់ងារ​សារព័ត៌មានរុស្ស៊ី TASS​ ក៏ធ្លាប់បានរាយការណ៍​ដែរថា លោក Lavrov ជំនួសឲ្យលោក ពូទីន បាន​អញ្ជើញ​លោក គីម ជុងអ៊ុន បំពេញ​ទស្សនកិច្ចទៅកាន់​ប្រទេសរុស្ស៊ី។ ប៉ុន្តែមកទល់​ពេលនេះ គេមិនទាន់ដឹង​ច្បាស់នៅឡើយទេថា​ មេដឹកនាំ​កូរ៉េខាងជើង បានទទួលយក​ការអញ្ជើញនេះ​ ឬយ៉ាងណា​នោះ​ទេ៕