(ឡុងដ៍)៖ ក្រុមអ្នកជំនាញ​អន្តរជាតិ នឹងធ្វើដំណើរ​ទៅកាន់ចក្រភពអង់គ្លេស ក្នុងពេល​ឆាប់ៗនេះ ដើម្បីធ្វើតេស្ដ​លើសារធាតុគីមី ពុលដែលត្រូវបាន​គេប្រើប្រាស់ ដើម្បីបំពុលសម្លាប់​អតីតមន្ត្រីចារកម្មរុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រីរបស់​លោក កាលពី​ដើមខែមីនា កន្លងទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

យោងតាម BBC ក្រុមអ្នកជំនាញមក​ពីអង្គការហាមឃាត់​អាវុធគីមី (OPCW) នឹងបំពេញដំណើរទស្សនកិច្ច​មកកាន់ មូលដ្ឋាន​ស្រាវជ្រាវ​យោធាមួយ ស្ថិតនៅឯឧទ្យាន​វិទ្យាសាស្ត្រ ផតតុន ដោន (Porton Down) នៃ​តំបន់ វីលស៊ឺ (Wiltshire)។ ការធ្វើដំណើរ​ទស្សនកិច្ចនេះ កើត​មានឡើងនៅ​ចំពេលរុស្ស៊ី និងអង់គ្លេស កំពុងធ្វើសង្រ្គាម​បណ្ដេញមន្ត្រីទូត ២៣នាក់ រៀងៗខ្លួនចេញ​ពីប្រទេស បន្ទាប់ពីអង់គ្លេស ចោទថា រុស្ស៊ីជាអ្នកនៅពីក្រោយ​ការបំពុលសម្លាប់​ លោក Sergei Skripal។

ក៏ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ម្សិលមិញ​លោក វ្ល៉ាឌីមៀ ពូទីន ដែលទើបតែជាប់ឆ្នោត​ជាប្រធានាធិបតីរុស្ស៊ីសាជាថ្មី បានច្រានចោល រាលការចោទប្រកាន់​ទាំងឡាយ ដោយទុកថា​វាគឺជារឿងស្រមើប្រម៉ៃ ហើយមិនតែប៉ុណ្ណោះ​លោកក៏បានបញ្ជាក់​ដែរថា ទីក្រុងម៉ូស្គូ បានបំផ្លាញ​អាវុធគីមីរបស់ខ្លួន​ទាំងអស់។ ដូច្នេះលោកថា ការចោទប្រកាន់​របស់អង់គ្លេស ឬសហរដ្ឋអាមេរិក គឺជារឿង​គ្មានន័យ។

គួរបញ្ជាក់ថា មកទល់បច្ចុប្បន្ន លោក Sergei Skripal មានអាយុ ៦៦ឆ្នាំ និងកូនស្រីរបស់លោក​ យូលៀ (Yulia Skripal) អាយុ ៣៣ឆ្នាំ នៅតែបន្តស្ថិត​នៅក្នុងស្ថានភាព​សន្លប់ស្ដូកស្ដឹង​នៅឯមន្ទីរពេទ្យ។ អាជ្ញាធរ​អង់គ្លេស បានរក​ឃើញថា អ្នកទាំងពីរត្រូវបានគេបំពុល នៅក្បែរផ្សារ​ទំនើបមួយកន្លែង ក្នុងទីក្រុង Salisbury កាល​ពីថ្ងៃទី០៤ ខែមីនា ហើយប៉ុនប៉ង​សម្លាប់នេះទៀតសោត​កើតមាន ឡើងក្រោយ​លេចព័ត៌មានថា អតីតមន្ត្រីចារកម្មរុស្ស៊ីរូបនេះ បានលក់ព័ត៌មាន​សំងាត់ជាច្រើន​ឱ្យអង់គ្លេស ពាក់ព័ន្ធនឹង​ចំនួនចារកិច្ច​រុស្ស៊ី​នៅអឺរ៉ុប៕