(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃសៅរ៍នេះថា ឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានផលិតឡើង ក្នុងគោលដៅដើម្បីទប់ទល់អាមេរិកតែម្យ៉ាងប៉ុណ្ណោះ ព្រមទាំងបានលើកឡើងថា អាវុធទាំងនោះនឹងត្រូវបានប្រើប្រាស់ដើម្បីរួបរួមកម្លាំងនៅឧបទ្វីបកូរ៉េ ជាមធ្យោបាយមួយដើម្បីបង្កើនទំនាក់ទំនងល្អរវាងកូរ៉េទំាងពីរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងអំពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់សហរដ្ឋអាមេរិក ដែលចោទប្រកាន់ថា កូរ៉េខាងជើងកំពុងព្យាយាមគ្រប់គ្រងលើកូរ៉េខាងត្បូង ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាង មានបំណងបង្រួបង្រួមកូរ៉េទាំងពីរ ក្រោមទង់ជាតិរបស់កូរ៉េខាងជើង។ ឆ្លើយតបនឹងការលើកឡើងបែបនេះ កូរ៉េខាងជើងបានបញ្ជាក់ថា សំដីរបស់សហរដ្ឋអាមេរិក ជាពាក្យបោកប្រាស់ប៉ុណ្ណោះ។

សារព័ត៌មាន KCNA បានបន្ថែមខ្លឹមសារថា អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺប្រើប្រាស់សម្រាប់តែរក្សាសុវត្ថិភាព និងស្ថិរភាពក្នុងឧបទ្វីបកូរ៉េតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កូរ៉េខាងត្បូងគួរតែយល់ថា អាវុធទាំងនោះ ជាទ្រព្យសម្បត្តិរួមរវាងកូរ៉េទាំងពីរ។ កូរ៉េខាងជើងថែមទាំងបានសង្កត់ធ្ងន់ថា ខ្លួនគ្មានបំណងចាត់ទុកកូរ៉េខាងត្បូង ជាគោលដៅអាវុធរបស់ខ្លួននោះឡើយ៕