(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងបញ្ជូនគណៈប្រតិភូមួយក្រុម មកកាន់កូរ៉េខាងត្បូង នាថ្ងៃអាទិត្យស្អែកនេះ ដើម្បី​រៀបចំ​ចាត់ចែង​ការ​ធ្វើ​​ដំណើររបស់ក្រុមតន្រ្តីកូរ៉េខាងជើង មកសម្តែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ លើទឹកប្រទេសកូរ៉េខាងត្បូង​នាខែក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០១៨។

ដំណឹងខាងលើ ត្រូវបានប្រកាសឲ្យដឹងដោយ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ហើយបើតាមសេចក្តីថ្លែងការណ៍​របស់ ក្រសួង​ដដែលនេះ កូរ៉េខាងជើង បានជូនដំណឹងនាថ្ងៃសៅរ៍នេះថា ខ្លួននឹងធ្វើការបញ្ជូនគណៈប្រតិភូ តាមរយៈច្រកផ្លូវគោកនាថ្ងៃអាទិត្យ​ស្អែក ហើយកាលវិភាគសម្រាប់អំឡុងដំណើរទស្សនកិច្ចនេះ អាចប្រព្រឹត្តទៅជាធម្មតា តាមអ្វីដែលបានព្រមព្រៀងគ្នារួចជាស្រេច​។

គួរជម្រាបថា អ្នកតំណាងចំនួន០៧រូបមកពីកូរ៉េខាងជើង ត្រូវបានគេគ្រោងថានឹងមកធ្វើទស្សនកិច្ចនាថ្ងៃសៅរ៍នេះ នៅកូរ៉េខាង​ត្បូង ដើម្បីពិនិត្យមើលទីតាំងសម្តែងនៃក្រុមតន្រ្តី​របស់ខ្លួន ប៉ុន្តែទីក្រុងព្យុងយ៉ាងក៏បានលុបចោលវិញ ហើយសម្រេចជាចុងក្រោយថា​នឹង​ធ្វើដំណើរមកនៅថ្ងៃស្អែកនេះវិញ។​

គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមតន្រ្តី កូរ៉េខាងជើង​ក៏នឹងបញ្ជូនក្រុមអត្តពលិកឲ្យមកចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅក្រុង Pyoengchang របស់កូរ៉េខាងត្បូងផងដែរ ហើយការចូលរួមពីសំណាក់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានអន្តរជាតិយល់ឃើញថា គឺជា​ភាពវិជ្ជមានផ្នែកការទូតមួយ​រវាងប្រទេសទាំងពីរ ក្រោយពីមានភាពតានតឹងខ្លាំងអស់ជាច្រើនខែ​ ជុំវិញកម្មវិធីមីស៊ីល-នុយក្លេអ៊ែរ​​របស់​​កូរ៉េ​ខាងជើង៕