(បាកដាត)៖ សភាអ៊ីរ៉ាក់បានស្នើឱ្យមានការបញ្ចូនកងទ័ព ទៅកាន់តំបន់ជម្លោះដែលកងកម្លាំងឃើដ បានដណ្ដើមគ្រប់គ្រងចាប់តាំងពីការឈា្លនពានរបស់សហរដ្ឋអាមេរិកផ្ដួលរំលំរបបដឹកនាំ សាដដំា ហូសេន កាលពីឆ្នាំ២០០៣។ ក៏ប៉ុន្តែ ការស្នើឡើងនេះត្រូវបានគេមើលឃើញថា ជាប្រតិកម្មឆ្លើយតបបឋមទៅនឹងការរៀបចំការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យពីសំណាក់ រដ្ឋាភិបាលឃើដនៅឯតំបន់ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily Mail នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

នៅថ្ងៃចន្ទនេះ បើទោះជាមានការព្រមានពីបណ្ដារដ្ឋជិតខាង និងការព្រួយបារម្ភថាសង្រ្គាមនៅក្នុងតំបន់អាចនឹងផ្ទុះឡើងក៏ដោយ ក៏រដ្ឋាភិបាលឃើដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅតែ ដំណើរការតាមការគ្រោងទុកការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ។ ចំណែកឯលទ្ធផលត្រូវបានគេទាយទុកជាមុនរួចទៅហើយថា ប្រជាជនឃើដនឹងបោះឆ្នោត «Yes» ឬក៏យល់ព្រមឱ្យ ឃើដប្រកាសឯករាជ្យ ដែលនេះនឹងផ្ដល់អាណត្តិឱ្យមេដឹកនាំឃើដ លោក Massoud Barzani ស្វែងរកកិច្ចចរចាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋជិតខាងមួយចំនួន។ តែយ៉ាងណាក៏ដោយ នៅក្នុងដំណោះស្រាយមួយអនុម័តភ្លាមៗនៅថ្ងៃចន្ទនេះដែរ សភាអ៊ីរ៉ាក់ បានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ាក់ គឺលោកនាយករដ្ឋមន្ត្រី Haïder al-Abadi បញ្ជូនកងទ័ពទៅកាន់តំបន់ជម្លោះ គ្រប់គ្រងដោយកងកម្លាំងឃើដ ចាប់តាំងពីឆ្នាំ២០០៣មក ហើយបើតាមរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលទីក្រុងបាកដាត ត្រូវតែអនុវត្តតាមដំណោះស្រាយនេះ។

ដោយឡែក ជុំវិញភាពតានតឹងនេះដែរ នៅពេលសាកសួរពីហាន់និភ័យនៃការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងឃើដ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក Saad al Hadithi បានឆ្លើយថា៖«បើសិនពិតជាមានការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ជម្លោះមែន កិច្ចការរបស់កងទ័ពអ៊ីរ៉ាក់ គឺអនុវត្តតាមច្បាប់ដើម្បីធានារក្សាស្ថេរភាព និងសន្តិភាព»។ ជាងនេះទៅទៀត មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ាក់ លោក Karim al-Nouri ក៏បានអះអាងយ៉ាងម៉ឺងម៉ាត់ដូច្នេះដែរថា៖ «កម្មវត្ថុបន្ទាប់របស់យើងគឺខេត្ត Kirkouk និងតំបន់ជម្លោះដែលកំពុងគ្រប់គ្រងដោយកងកម្លាំង មិនស្ថិតនៅក្រោមបញ្ជានៃទីបញ្ជាការកងទ័ពអ៊ីរ៉ាក់»

គួរបញ្ជាក់ថា តំបន់ជម្លោះជាមួយឃើដ លើកឡើងដោយសភាអ៊ីរ៉ាក់ ស្ថិតនៅខាងក្រៅខេត្តសម្បូរប្រេងចំនួនបី នៃភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលដំបូងឡើយជាតំបន់ស្វ័យឃើដ ក្នុងនោះ មានខេត្ត Kirkouk ខេត្ត Ninive និងខេត្ត Salaheddine ជាដើម។ ដូច្នេះគេមានតែទន្ទឹមរង់ចំាមើលថាតើសង្គ្រាមអាចនឹងផ្ទុះឡើងដែរឬទេ? ក្រោយលទ្ធផលចុងក្រោយនៃការបោះឆ្នោត ប្រជាមតិប្រកាសឯករាជ្យនេះ នឹងត្រូវប្រកាសនៅរយៈពេល៧២ម៉ោងបន្ទាប់៕