(សេអ៊ូល)៖ កូរ៉េខាងត្បូង​កំពុងពិចារណា​ធ្វើការបង្កើន​ សមត្ថភាពកម្មវិធីការពារជាតិ​របស់ខ្លួន មានឈ្មោះ​ថា «អ័ក្សបី» តាមរយៈ​ការផលិត​នាវាមុជទឹក​ប្រើថាមពលនុយក្លេអ៊ែរ​ដោយផ្ទាល់ដៃ និងការទិញផ្កាយរណប​ឈ្លបយក​ការណ៍ទំនើបៗ ដើម្បីទប់ទល់នឹ​ង​ការគំរាមកំហែងពីសំណាក់​កូរ៉េខាងជើង។ នេះបើតាមការ​ចេញផ្សាយដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៥ ខែ​កញ្ញា ឆ្នាំ២០១៧។

នៅក្នុងជំនួបទ្វេភាគី​លើកទី០២ កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្តេជ្ញាពង្រឹង​ជំហរការពារ​រួមគ្នា​នៃប្រទេសទាំងពីរ ប្រឆាំងនឹង​របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង តាមរយៈការ​ទិញ និងអភិវឌ្ឍន៍​បរិក្ខាយោធា ក៏ដូចជាសព្វាវុធ​ទំនើបៗ​របស់ទីក្រុង​សេអ៊ូល រួម​ទាំង​​ការ​ដាក់​ពង្រាយ​​អាវុធយុទ្ធ​សាស្រ្ត​​អាមេរិក នៅលើ​​ទឹក​ដី និងជុំវិញប្រទេស​កូរ៉េខាងត្បូង​តែម្តង។

ពាក់ព័ន្ធនឹងបញ្ហា​បង្កើនសមត្ថភាព​យោធានេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង ត្រូវគេរាយការណ៍​ថា កំពុងគ្រោងនឹង​ផលិតនាវាមុជទឹក​​​ ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយខ្លួន​ឯងផ្ទាល់ ហើយអាចនឹង​ចំណាយលុយថែមទៀត ទៅលើសម្ភារៈ​ស៊ើបការណ៍ រួមមាន​​ទាំងផ្កាយរណប និងយន្តហោះដ្រូនជាដើម ខណៈសព្វថ្ងៃ​យោធា​កូរ៉េខាងត្បូង ពឹងផ្អែកលើ​សហរដ្ឋអាមេរិក សម្រាប់ព័ត៌មាន​​​​ផ្កាយ​រណប ទាក់ទិននឹង​មូលដ្ឋានមីស៊ីល ក៏ដូចជាទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្រ្ត​ការពារជាតិ «អ័ក្សបី» របស់​កូរ៉េខាងត្បូង ត្រូវបានលាតត្រដាង​ជាលើកដំបូង កាលពីចុង​ឆ្នាំ​២០១៦ និងរួមមាន​សមាសធាតុ​ផ្សំ​សំខាន់ៗ​ចំនួន០៣គឺ គម្រោង Kill Chain ដើម្បីវាយប្រហារ​សង្រ្គប់ទៅ​លើសត្រូវ, គម្រោង​​ការ​ពារ​ដែនអាកាស និងមីស៊ីល KAMD, និងគម្រោងវាយ​បកសងសឹកទ្រង់ទ្រាយ​ធំ KMPR៕