(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន បានសម្រេចចិត្ត​ដាក់បញ្ចូល​កូរ៉េខាងជើង វេណេស៊ុយអេឡា និងឆាដ ទៅក្នុងបញ្ជីឈ្មោះ​ជាប់បម្រាមការ​ធ្វើដំណើរ​មកកាន់​សហរដ្ឋអាមេរិក ហើយដែលនេះ​អាចនឹងធ្វើឱ្យ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ រួចផុតពីការ​ចោទប្រកាន់ថា លោកមាន​ចេតនារឹតបន្តឹង​ ការធ្វើដំណើរតែទៅលើ​បណ្ដាប្រទេស​អ្នកកាន់សាសនា អ៊ីស្លាម​ភាគច្រើន។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម​សេតវិមាន លោក ដូណាល់ ត្រាំ បានចេញបញ្ជាថ្មី​នេះ​ កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពីមាន​ការត្រួតពិនិត្យ​ឡើងវិញ នូវព័ត៌មានជាច្រើន​ទទួលបានពី​រដ្ឋាភិបាល​បរទេសនានា។ លោក ត្រំា ក៏បានគូស​បញ្ជាក់យ៉ាងដូច្នេះដែរថា «ការធ្វើឱ្យ​សហរដ្ឋអាមេរិក​មានសុវត្ថិភាព គឺជាអទិភាព​ទី១របស់ខ្ញុំ។ យើងមិនអាចទទួល​មនុស្សទាំងនេះ​ ចូលក្នុង​ប្រទេសរបស់​យើងឡើយ ពីព្រោះ​យើង​មិនអាចចាត់​ទុកថា វាមានសុវត្ថិភាព»

ប្រទេសចំនួន៨ដែលជាប់បម្រាមរួមមាន៖ កូរ៉េខាងជើង, វេណេស៊ុយអេឡា, ឆាដ, អ៊ីរ៉ង់, លីប៊ី ស៊ីរី យ៉េមែន និងសូម៉ាលី ខណៈ ស៊ូដង់ និង អ៊ីរ៉ាក់ ត្រូវបានដកចេញ​ពីការរឹតបន្តឹងការធ្វើ​ដំណើរថ្មីនេះ។ បន្ថែមពីលើនេះផ្អែកបទបញ្ជា​ថ្មីនេះ​ទៀតសោត មន្រ្តីរដ្ឋាភិបាល​វេណេស៊ុយអេឡា និងក្រុមគ្រួសារ​របស់ពួកគេ​ មិនអាច​ជាន់ដី​អាមេរិកឡើយ រីឯប្រជាជន​កូរ៉េខាងជើង​ទាំងអស់ក៏ត្រូវហាមឃាត់ដែរ ហើយការផ្ដល់​ទិដ្ឋាការពាណិជ្ជកម្ម និងទេសចរណ៍​សម្រាប់ប្រជាជន​ឆាដ ត្រូវផ្អាកសិន។ ក៏ប៉ុន្តែបទ​បញ្ជានេះ ត្រូវរង់ចំា​ការសម្រេចពីតុលាការ​កំពូល នៅខែតុលា​ខាងមុខនេះ៕